យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទ (២៦ មករា) ថា អ៊ីស្រាអែល បានរកឃើញសាកសពចំណាប់ថ្នូរនៅសេសសល់ចុងក្រោយហើយ ដែលត្រូវបានបង្ខាំងទុកនៅដែនដីហ្កាហ្សា ដោយចំណុចនេះបានបំពេញលក្ខខណ្ឌដំណាក់កាលដំបូងដ៏សំខាន់មួយនៃផែនការសន្តិភាពរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ចប់សង្គ្រាមក្នុងទឹកដីប៉ាឡេស្ទីនមួយនេះ ហើយក៏នឹងនាំទៅដល់ការបើកច្រកដឹកជំនួយដ៏សំខាន់សម្រាប់អ្នកស្រុកហ្កាហ្សា។

ក្នុងសេចក្តីថ្លែងការណ៍មួយ យោធាបាននិយាយថា សាកសពរបស់ចំណាប់ថ្នូរចុងក្រោយនោះគឺជាមន្ត្រីនគរបាល ឈ្មោះ Ran Gvili ដែលត្រូវបានលាក់នៅហ្កាហ្សាអស់រយៈពេលជាង ៨៤០ថ្ងៃ ត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ ហើយនឹងត្រូវប្រគល់ជូនទៅឱ្យក្រុមគ្រួសារសពដើម្បីបញ្ចុះ។ ថ្លែងនៅសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានពិពណ៌នាអំពីការរកឃើញសាកសពចំណាប់ថ្នូរនេះថាជា «សមិទ្ធផលមិនគួរឱ្យជឿសម្រាប់រដ្ឋអ៊ីស្រាអែល»។
ការរកឃើញសាកសពនេះអាចបើកផ្លូវសម្រាប់ការបើកឡើងវិញនូវច្រកឆ្លងកាត់ រ៉ាហ្វា រវាងតំបន់ហ្កាហ្សា និងអេហ្ស៊ីប ស្របតាមការសន្យារបស់អ៊ីស្រាអែល ខណៈរ៉ាហ្វាជាច្រកទ្វារដ៏សំខាន់របស់តំបន់ហ៊ុមព័ទ្ធនេះ ដែលត្រូវបានបិទចេញពីពិភពខាងក្រៅអស់ជាយូរមកហើយ។
គណៈកម្មាធិការអ្នកបច្ចេកទេសប៉ាឡេស្ទីន ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រងហ្កាហ្សា បាននិយាយថា ច្រកព្រំដែនមួយនេះនឹងបើកនៅក្នុងសប្តាហ៍នេះ។ ការប្រគល់ចំណាប់ថ្នូរទាំងអស់ ទាំងអ្នកនៅរស់និងអ្នកស្លាប់ គឺជាការប្តេជ្ញាចិត្តស្នូលក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងសន្តិភាពហ្កាហ្សា ប៉ុន្តែផ្នែកផ្សេងទៀតមិនទាន់ត្រូវបានបំពេញនោះទេ ហើយការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅតែមានលើជំហានបន្ទាប់សម្រាប់តំបន់ប៉ាឡេស្ទីនមួយនេះ៕

