ឧត្តរមានជ័យ៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា សង្កាត់អូរស្មាច់ ដឹកនាំដោយលោក លី រដ្ឋា អភិបាលរងក្រុងសំរោង នឹងជាអនុប្រធានគណះពង្រឹងគណបក្សប្រជាជនក្រុងសំរោង ដឹកនាំក្រុមការងារ ចុះធ្វើការសម្អាតអនាម័យនៅមុខច្រកទ្វារព្រំដែនអូរស្មាច់ ដើម្បីឲ្យមានសោភ័ណភាពអនាម័យបរិស្ថានល្អប្រសើរឡើង នៅចំណុចបរិវេណច្រកទ្វារព្រំដែន។
ក្នុងឱកាសនោះ លោក លី រដ្ឋា បានលើកឡើងថា ការធ្វើអនាម័យនៅទីធ្លាសាធារណៈនៅចំណុចបរិវេណមុខច្រកទ្វារព្រំដែនអូរស្មាច់ នៅពេលនេះដោយសារកន្លងមក នៅចំណុចនេះ ភាគច្រើនបងប្អូនអ្នកធ្វើដំណើរបានចោលសំរាមពាសវាលពាសកាល តាមរយះអ្នកធ្វើដំណើរនឹងអ្នកលក់ដូរតាមរទេះរុញរួមទាំងក្រុមតាស៊ីផងដែរ ហូបចុកចោលតាមទីសាធារណៈយ៉ាងអនាធិបតេយ្យ។
លោក បន្តថា ដើម្បីធ្វើឲ្យចំណុចមុខច្រកទ្វារព្រំដែនអូរស្មាច់នេះមានអនាម័យស្អាតប្រកបដោយសោភ័ណល្អស្អាតគ្មានការចោលសំរាមនោះ គប្បីយើងទាំងអស់គ្នាត្រូវចូលរួមសហការណ៍គ្នាឲ្យបានប្រសើរក្នុងការសម្អាតអនាម័យមិនត្រូវចោលសំរាមពាសវាលពាសកាលនៅតាមដងផ្លូវនឹងសួនច្បារសាធារណៈនោះឡើយ។
ក្នុងនាមក្រុមការងារយុវជន គណបក្សប្រជាជនក្រៅពីការងារស្នូលរបស់ខ្លួនបងប្អូនមានតួរនាទីដ៏មមាញឹកជួយដល់ការងារសង្គមក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ដើម្បីជួយសម្រាលការងារនានាក៏ដូចជាការសម្រាលការលំបាកដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ។
យ៉ាងណាម៉ិញ លោកអភិបាលរងក្រុង បានសំណូមពរឲ្យប្រជាពលរដ្ឋរួមទាំងអាជីវករបងប្អូនអ្នកប្រកបរបររត់តាស៊ីទាំងអស់ ត្រូវចូលរួមគ្នាឲ្យបានល្អក្នុងការសម្អាតអនាម័យ ដោយហូបចុកត្រូវមានការវេចខ្ចប់សំរាមទុកដាក់ក្នុងធុងសំរាមឲ្យបានល្អប្រសើរ ដើម្បីឲ្យមានសោភ័ណបរិស្ថានល្អក្នុងមូលដ្ឋានយើងទាំងអស់គ្នា៕ អត្ថបទ៖ ឃិន សារិទ្ធ


