កងជីវពល ២ក្រុម ដែលគាំទ្រដោយអ៊ីរ៉ង់ នៅមជ្ឈិមបូព៌ា កំពុងបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការបើកការវាយប្រហារជាថ្មី ដើម្បីគាំទ្រចំពោះអ៊ីរ៉ង់ ខណៈមន្ត្រីអាមេរិក ទទួលស្គាល់ថា នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿង បានទៅដល់តំបន់នោះហើយ កាលពីថ្ងៃចន្ទ (២៦ មករា)។

លោកប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាឱ្យនាវាផ្ទុកយន្តហោះជាច្រើនគ្រឿងផ្លាស់ទៅមជ្ឈិមបូព៌ា ខណៈលោកគំរាមចាត់វិធានការយោធា ជុំវិញការបង្ក្រាបដ៏បង្ហូរឈាមរបស់អ៊ីរ៉ង់ លើការតវ៉ាទូទាំងប្រទេស។

ក្រុមឧទ្ទាមហួទី ដែលគាំទ្រដោយអ៊ីរ៉ង់ នៅយេម៉ែន កាលពីថ្ងៃចន្ទ (២៦ មករា) បានបង្ហើបថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការវាយប្រហារលើបណ្ដាញដឹកជញ្ជូននៅសមុទ្រក្រហម។ ការគំរាមនេះបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុមយោធាប៉ារ៉ា ឈ្មោះ កាតាអ៊ីប ហេសបូឡា (Kataib Hezbollah) នៅអ៊ីរ៉ាក់ ដែលក៏ត្រូវបានគាំទ្រជាយូរមកហើយដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចេញការគំរាមកំហែងដោយផ្ទាល់កាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងការវាយប្រហារណាមួយដែលផ្តោតលើអ៊ីរ៉ង់ ដោយព្រមានថា "សង្គ្រាមពេញបន្ទុក" នៅក្នុងតំបន់នឹងក្លាយជាលទ្ធផល ប្រសិនបើសិនមានចំណាត់ការយោធា។

សេចក្តីថ្លែងការណ៍ទាំងនេះបានកើតឡើងនៅពេលដែលតំបន់ទាំងមូល កំពុងជាប់គាំងនៅក្នុងល្បែងរង់ចាំដ៏តានតឹងមួយដើម្បីមើលថា តើលោក Trump នឹងវាយប្រហារអ៊ីរ៉ង់ ឬអត់។ ក្នុងសង្គ្រាមរយៈពេល ១២ថ្ងៃរបស់អ៊ីស្រាអែល លើអ៊ីរ៉ង់ ក្នុងខែមិថុនាកន្លងទៅ ទាំងក្រុមហួទី និងក្រុម កាតាអ៊ីបហេសបូឡា មិនបានចូលរួមនោះទេ ដែលពេលនោះ គេបានមើលឃើញសហរដ្ឋអាមេរិក ទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ការគំរាមកំហែងទាំងនេះ បានកើតឡើងនៅពេលនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដ៏ធំ និងនាវាពិឃាតមីស៊ីលប្រើប្រព័ន្ធទូរបញ្ជាផ្សេងទៀតនៅក្នុងក្រុមប្រយុទ្ធរបស់នាវាផ្ទុកយន្តហោះនេះ បានទៅដល់តំបន់មជ្ឈិមបូព៌ា ដើម្បី «លើកកម្ពស់សន្តិសុខ និងស្ថិរភាពក្នុងតំបន់» នេះបើយោងតាមការលើកឡើងរបស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕