រដ្ឋាភិបាលសហព័ន្ធ ហាក់ដូចជាកំពុងឆ្ពោះទៅរកការបិទទ្វារមួយផ្នែកនៅសប្តាហ៍នេះ ដោយគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើការផ្តល់មូលនិធិសម្រាប់ក្រសួងសន្តិសុខមាតុភូមិ (DHS) របស់លោកប្រធានាធិបតីអាមេរិក Donald Trump បន្ទាប់ពីការបាញ់សម្លាប់ពលរដ្ឋអាមេរិកទីពីរ ដោយមន្ត្រីអន្តោប្រវេសន៍សហព័ន្ធនៅរដ្ឋ Minnesota។

ព្រឹទ្ធសមាជិកមកពីបក្សប្រជាធិបតេយ្យ បាននិយាយថា ពួកគេនឹងមិនផ្តល់សំឡេងគាំទ្រដែលត្រូវការ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់មូលនិធិ DHS ចំនួន ៦៤,៤ពាន់លានដុល្លារនោះទេ ហើយអំពាវនាវឱ្យបក្សសាធារណរដ្ឋ ដកច្បាប់នេះចេញពីកញ្ចប់មូលនិធិដ៏ធំមួយ ដែលក៏នឹងផ្តល់មូលនិធិដល់កម្មវិធីនានាក្នុងវិស័យចំនួន៥ ផ្សេងទៀតរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា រួមទាំងវិស័យការពារជាតិ សុខាភិបាល ដឹកជញ្ជូន អប់រំ និងលំនៅឋាន។ មូលនិធិបច្ចុប្បន្នសម្រាប់កម្មវិធីទាំងនោះ ផុតកំណត់បន្ទាប់ពីម៉ោងក្នុងស្រុកពាក់កណ្ដាលអធ្រាត្រ ថ្ងៃសុក្រ ទី៣០ ខែមករា ដ៏ខ្លីខាងមុខនេះ ដែលមានន័យថា រដ្ឋាភិបាលអាមេរិក នឹងត្រូវបិទទ្វារដោយផ្នែក ប្រសិនបើកិច្ចព្រមព្រៀងមូលនិធិថ្មីមិនត្រូវបានឈានដល់។

ព្រឹទ្ធសមាជិកមកពីបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងសភាដោយសំឡេងភាគច្រើន ៥៣អាសនៈ ទល់នឹងបក្សប្រជាធិបតេយ្យ ៤៧អាសនៈ មិនព្រមដកថយនឹងការទាមទារនេះទេ ខណៈសេតវិមានបានអំពាវនាវដល់សមាជិកសភាទាំងសងខាង ឱ្យអនុម័តកញ្ចប់មូលនិធិពេញលេញមួយ ដើម្បីបញ្ចៀសការបិទដំណើរការភ្នាក់ងារសហព័ន្ធ ដែលជារយៈពេលត្រឹមតែ ៣ខែប៉ុណ្ណោះបន្ទាប់ពីភាពជាប់គាំងយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក បានបញ្ចប់នៅក្នុងខែវិច្ឆិកា ឆ្នាំមុន។

លោក Chuck Schumer ប្រធានព្រឹទ្ធសភាខាងបក្សប្រជាធិបតេយ្យ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «ព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យ បានបញ្ជាក់យ៉ាងច្បាស់ហើយពីការត្រៀមខ្លួនរួចជាស្រេចដើម្បីពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីការបែងចែកថវិកាជាតិចំនួន ៥ច្បាប់ ដាច់ដោយឡែកពីសេចក្តីព្រាងច្បាប់ផ្តល់មូលនិធិរបស់ក្រសួងសន្តិសុខមាតុភូមិ DHS។ បើមិនដូច្នោះទេ សមាជិកបក្សសាធារណរដ្ឋ នឹងជាអ្នកទទួលខុសត្រូវជាថ្មីចំពោះការបិទរដ្ឋាភិបាលម្តងទៀត»៕