មនុស្សជាច្រើននៅសហរដ្ឋអាមេរិកបានប្រឈមទៅនឹងសីតុណ្ហភាពត្រជាក់ក្រោមសូន្យអង្សាសេនៅពេលយប់ និងគ្មានអគ្គិសនីប្រើប្រាស់បន្ទាប់ពីព្យុះរដូវរងាដ៏ធំបានពូនផ្តុំព្រិលបន្ថែមទៀតកាលពីថ្ងៃចន្ទ ទី ២៦ ខែមករា នៅភាគឦសាន និងបានធ្វើឱ្យផ្នែកមួយចំនួននៅភាគខាងត្បូងត្រូវបានគ្របដណ្ដប់ដោយព្រិលទឹកកក។ មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋដែលរងផលប៉ះពាល់ដោយភាពត្រជាក់ខ្លាំង។

ព្រិលក្រាស់លើសពី ៣០ សង់ទីម៉ែត្រលាតសន្ធឹងក្នុងចម្ងាយ ២.១០០ គីឡូម៉ែត្រពីរដ្ឋ Arkansas ដល់ រដ្ឋ New England ដោយបានបញ្ឈប់ចរាចរណ៍ លុបចោលជើងហោះហើរ និងបណ្តាលឱ្យមានការបិទសាលារៀនយ៉ាងទូលំទូលាយកាលពីថ្ងៃចន្ទ។ អង្គភាពសេវាអាកាសធាតុជាតិបាននិយាយថា តំបន់ភាគខាងជើងទីក្រុង Pittsburgh ព្រិលបានឡើងដល់៥០សង់ទីម៉ែត្រ និងប្រឈមខ្យល់ត្រជាក់ទាបរហូតដល់ -៣១ អង្សាសេកាលពីល្ងាចថ្ងៃច័ន្ទ រហូតដល់ថ្ងៃអង្គារនេះ។

អង្គភាពសេវាអាកាសធាតុបាននិយាយកាលពីថ្ងៃចន្ទថា លំហូរថ្មីនៃខ្យល់អាកទិកត្រូវបានគេរំពឹងថានឹងរក្សាសីតុណ្ហភាពត្រជាក់ដល់កកនៅកន្លែងដែលគ្របដណ្តប់ដោយព្រិលនិងទឹកកករួចហើយ។ អ្នកព្យាករអាកាសធាតុបាននិយាយថា វាអាចកើតមានឡើងដែលព្យុះរដូវរងាមួយផ្សេងទៀតអាចវាយប្រហារផ្នែកមួយចំនួននៅឆ្នេរសមុទ្រភាគខាងកើតនៅចុងសប្តាហ៍នេះ។
យោងតាមគេហទំព័រ poweroutage.com បានឲ្យដឹងថា នៅតែមានការដាច់ចរន្តអគ្គិសនីដែលផ្គត់ផ្គង់ដល់ជាង៦៧០.០០០គ្រួសារនៅក្នុងប្រទេសកាលពីល្ងាចថ្ងៃចន្ទ។