មន្ត្រីជាន់ខ្ពស់របស់វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទ (២៦ មករា) ថា កិច្ចចរចាដែលមានគោលបំណងបញ្ចប់សង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងបង្ហាញសញ្ញានៃវឌ្ឍនភាពជាក់ស្តែង ប៉ុន្តែបញ្ហាប្រឈមធំៗនៅតែមាន លើផ្លូវឆ្ពោះទៅរកដំណោះស្រាយចុងក្រោយមួយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាត្រីភាគីរវាងប្រេសិតមកពីអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ នៅទីក្រុងអាប៊ូដាប៊ី គឺមានលក្ខណៈស្ថាបនា ហើយកិច្ចចរចាមួយជុំទៀត ត្រូវបានគ្រោងទុកសម្រាប់ថ្ងៃទី១ ខែកុម្ភៈ ខាងមុខនេះ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះលើកឡើងថា មិនទាន់មានការទម្លាយភាពជាប់គាំងធំដុំណាមួយនៅឡើយទេ ដោយបន្ថែមថា «ការពិតដែលថាទំនាក់ទំនងទាំងនេះបានចាប់ផ្តើមប្រកបដោយលក្ខណៈស្ថាបនា អាចត្រូវបានវាយតម្លៃជាវិជ្ជមាន ប៉ុន្តែនៅតែមានការងារដ៏ម៉ឺងម៉ាត់នៅខាងមុខ»។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានជំរុញឱ្យកិច្ចពិភាក្សាសន្តិភាព បន្តឱ្យបានលឿនមុនការគ្រោងទុកនៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ។

ក្រុមមន្ត្រីបានបង្ហាញព័ត៌មានលម្អិតតិចតួចណាស់អំពីកិច្ចចរចា ដែលបានធ្វើឡើងនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ សប្ដាហ៍មុន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរយៈពេល ១ឆ្នាំដោយរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដឹកនាំភាគីទាំងសងខាង ឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព និងបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមជិត ៤ឆ្នាំមកនេះ៕