អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte បានលើកឡើងជាថ្មីកាលពីថ្ងៃចន្ទ (២៦ មករា) ថា អឺរ៉ុប មិនអាចការពារខ្លួនឯងបាននោះទេ ប្រសិនបើពុំមានការគាំទ្រផ្នែកយោធាពីសហរដ្ឋអាមេរិក ហើយទ្វីបនេះនឹងត្រូវបង្កើនគោលដៅចំណាយយោធាបច្ចុប្បន្នលើសពីទ្វេដង ដើម្បីអាចធ្វើដូច្នេះបាន។

ថ្លែងទៅកាន់សមាជិកសភាសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល លោក Rutte បានលើកឡើងថា៖ ប្រសិនបើនរណាម្នាក់នៅទីនេះ គិតថា ប្លុកអឺរ៉ុប ឬអឺរ៉ុបទាំងមូល អាចការពារខ្លួនបានដោយពុំមានសហរដ្ឋអាមេរិកនោះ ចូរបន្តសុបិននេះទៀតចុះ។ អឺរ៉ុបមិនអាចធ្វើដូច្នេះបានទេ... អឺរ៉ុប និងសហរដ្ឋអាមេរិក «ត្រូវការគ្នាទៅវិញទៅមក»។
ទាក់ទងនឹងការចំណាយផ្នែកយោធា លោក Rutte បាននិយាយថា៖ ប្រសិនបើអឺរ៉ុប ពិតជាចង់ធ្វើតែម្នាក់ឯងមែន នោះការចំណាយលើវិស័យយោធា ៥% បច្ចុប្បន្នគឺមិនអាចទៅរួចទេ គឺទាល់តែ ១០% នៃផលិតផលក្នុងសរុប (GDP) ហើយអឺរ៉ុប ត្រូវតែកសាងសមត្ថភាពនុយក្លេអ៊ែរផ្ទាល់ខ្លួន ដែលត្រូវចំណាយប្រាក់រាប់ពាន់លានអឺរ៉ូ។
ការលើកឡើងនេះ ស្របពេលភាពតានតឹងដែលកំពុងបន្តក្នុងអង្គការណាតូ ជុំវិញការគំរាមកំហែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងការគ្រប់គ្រងលើកោះហ្គ្រីនលែន ដែលជាទឹកដីពាក់កណ្តាលស្វយ័តរបស់សមាជិកសម្ព័ន្ធយោធាណាតូ គឺប្រទេសដាណឺម៉ាក។
លោក Trump ក៏បានគំរាមដំឡើងពន្ធថ្មីលើប្រជាជាតិអឺរ៉ុប ដែលជំទាស់នឹងបញ្ហាហ្រ្គីនលែននេះផងដែរ ប៉ុន្តែក្រោយមក បានទម្លាក់ការគំរាមកំហែងវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀង «ក្របខណ្ឌ» លើកោះដែលសម្បូរទៅដោយធនធានរ៉ែមួយនេះ ក្រោមកិច្ចប្រឹងប្រែងរបស់លោក Rutte។ យ៉ាងណាមិញ មានព័ត៌មានលម្អិតតិចតួចណាស់នៃកិច្ចព្រមព្រៀងនេះ៕

