មន្ត្រីអាមេរិកមួយរូបនិយាយថា ច្រកឆ្លងកាត់ រ៉ាហ្វា (Rafah) រវាងដែនដីហ្កាហ្សា និងអេហ្ស៊ីប នឹងបើកឡើងវិញដោយមានការសម្របសម្រួលសន្តិសុខដ៏ល្អរវាងអាមេរិក អ៊ីស្រាអែល និងអេហ្ស៊ីប។

មន្ត្រីអាមេរិកដែលបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះពុំបានផ្តល់នូវពេលវេលាពិតប្រាកដសម្រាប់ការបើកច្រកព្រំដែនឡើងវិញនោះទេ ប៉ុន្តែមន្ត្រីអាមេរិកមួយរូបទៀតបានប្រាប់សារព័ត៌មាន The Times of Israel កាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោនរំពឹងថាច្រកនេះនឹងបើកឡើងវិញនៅចុងសប្តាហ៍នេះ ស្របតាមការប្រកាសពីប្រធានគណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្កាហ្សា (NCAG) និងតំណាងជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិភាពសម្រាប់ហ្កាហ្សាក្នុងអំឡុងពេលពិធីចុះហត្ថលេខារបស់ក្រុមប្រឹក្សាសន្តិភាពកាលពីសប្តាហ៍មុន។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបើកច្រកឆ្លងកាត់រ៉ាហ្វាឡើងវិញ នៅពេលអ៊ីស្រាអែលបានបញ្ចប់ប្រតិបត្តិការស្វែងរកសាកសពចំណាប់ខ្មាំងចុងក្រោយនៅសល់ក្នុងដែនដីហ្កាហ្សា ។អ៊ីស្រាអែលប្រកាសកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ខ្លួនបានរកឃើញសាកសពចំណាប់ថ្នូរចុងក្រោយហើយ ។
មន្ត្រីអាមេរិករូបនេះបាននិយាយក្នុងសន្និសីទសារព័ត៌មានថា ឥឡូវនេះ ពួកលោកកំពុងកសាងកម្លាំងនគរបាលប៉ាឡេស្ទីនក្នុងស្រុកមួយ ដែលអាចចាប់ផ្តើមបម្រើការងារដោយខ្លួនឯងបាន។ នៅទីបំផុត វានឹងអាស្រ័យលើរដ្ឋាភិបាលហ្កាហ្សា និងប្រជាជនហ្កាហ្សា ដើម្បីធានាថាហ្កាហ្សាមានសុវត្ថិភាព៕

