មន្ត្រីអាមេរិកមួយរូបបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសជាង២០ហើយ ដែលយល់ព្រមចូលរួមក្រុមប្រឹក្សាសន្តិភាព (Board of Peace) ។កាលពីព្រឹកថ្ងៃចន្ទ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានអះអាងថាមានប្រទេស២០ទៀត បានព្រមព្រៀងចូលរួមក្នុងក្រុមប្រឹក្សាផ្ដួចផ្ដើមដោយលោក Trump បន្ទាប់ពីប្រទេសមួយចំនួនបានចូលរួមរួចទៅហើយកាលពីសប្ដាហ៍មុន។

នៅពេលត្រូវបានសួរ មន្ត្រីអាមេរិកដដែលបាននិយាយថា ក្រុមប្រឹក្សាសន្តិភាពនេះនឹងផ្ដោតលើដែនដីហ្កាហ្សាមុនគេ។
សារព័ត៌មាន Times of Israel បានផ្សព្វផ្សាយសេចក្តីប្រកាសជាផ្លូវការពីប្រទេសដែលបញ្ជាក់ពីការសម្រេចចិត្តចូលរួមក្រុមប្រឹក្សាសន្តិភាពមានចំនួន ២៦ ប្រទេស រួមទាំងសហរដ្ឋអាមេរិកខ្លួនឯងផង។ ប្រទេសដទៃទៀតដែលបានយល់ព្រមចូលរួម រួមមាន អាហ្សង់ទីន អាល់បានី អាមេនី អាស៊ែបៃហ្សង់ បារ៉ែន បេឡារុស ប៊ុលហ្គារី កម្ពុជា អេហ្ស៊ីប ហុងគ្រី ឥណ្ឌូនេស៊ី អ៊ីស្រាអែល ហ្ស៊កដានី កាហ្សាក់ស្ថាន កូសូវ៉ូ ម៉ារ៉ុក ម៉ុងហ្គោលី ប៉ាគីស្ថាន ប៉ារ៉ាហ្គាយ កាតា អារ៉ាប៊ីសាអ៊ូឌីត ទួរគី អេមីរ៉ាតអារ៉ាប់រួម អ៊ូសបេគីស្ថាន និងវៀតណាម។
ប្រទេសចំនួន១០បានបង្ហាញ ឬបដិសេធយ៉ាងច្បាស់លាស់ចំពោះការអញ្ជើញឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាព រួមមាន បារាំង អាល្លឺម៉ង់ ក្រិក អ៊ីតាលី ន័រវែស ស្លូវេនី ស៊ុយអែត ចក្រភពអង់គ្លេស និងអ៊ុយក្រែន។
ប្រទេសដទៃទៀតមិនទាន់ឆ្លើយតបទៅនឹងការអញ្ជើញនេះនៅឡើយទេ រួមមាន ចិន ក្រូអាត ស៊ីប ឥណ្ឌា សហភាពអឺរ៉ុប រុស្ស៊ី និងសិង្ហបុរី។ សហរដ្ឋអាមេរិកបាននិយាយថា ប្រទេសមួយចំនួនត្រូវទទួលបានការយល់ព្រមពីសភាមុនពេលចូលរួម៕

