អ៊ុយក្រែន៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិយាយថា ជនស៊ីវិលយ៉ាងហោចណាស់ ៥៩៦នាក់បានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីចាប់ផ្ដើមផ្ទុះសង្គ្រាម និងយ៉ាងហោចណាស់មនុស្ស ១,០៦៧នាក់រងរបួស។

ការិយាល័យនៃឧត្ដមស្នងការជាន់ខ្ពស់សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះមាន ៤៣នាក់ជាកុមារ និង ៥៧នាក់ផ្សេងទៀតរងរបួស។ ការិយាល័យដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវមួយនេះបានកត់ត្រាអ្នកស្លាប់ចំនួន ៥៧៩នាក់ និង ១,០០២នាក់រងរបួសកាលពីមួយថ្ងៃមុន។ អង្គការនេះបាននិយាយថា អ្នករងគ្រោះជាជនស៊ីវិលដែលបានកត់ត្រាច្រើនបំផុត គឺបណ្ដាលមកពីគ្រឿងផ្ទុះដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជា ការបាញ់ផ្លោងពីគ្រាប់កាំភ្លើងធំ និងការវាយប្រហារដោយមីស៊ីលជាដើម។

ក្នុងសកម្មភាពវាយប្រហារថ្មីៗចុងក្រោយពីសំណាក់រុស្ស៊ីលើអ៊ុយក្រែន អង្គភាពផ្ដល់សេវាសង្គ្រោះបន្ទាន់អ៊ុយក្រែនបាននិយាយថា មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសដោយសារតែការវាយប្រហារដោយគ្រាប់កាំភ្លើងធំ ទៅលើអគារលំនៅឋានកម្ពស់ ៩ជាន់ក្នុងទីក្រុង Chernihiv៕
អត្ថបទ៖ សុខមាន