ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសហ្ស៊ីមបាបវ៉េ បាននិយាយកាលពីថ្ងៃចន្ទ (២៦ នករា) ថា មនុស្សយ៉ាងហោចណាស់ ១០៩ នាក់បានស្លាប់ និងជាង ៦០ នាក់ផ្សេងទៀតរងរបួស ដោយសារតែភ្លៀងធ្លាក់ឥតឈប់ឈរនៅទូទាំងប្រទេសអាហ្រ្វិកភាគខាងត្បូងមួយនេះ ចាប់តាំងពីដើមរដូវវស្សាមក។
នៅក្នុងរបាយការណ៍ស្ថានភាពចុងក្រោយរបស់ខ្លួន ទីភ្នាក់ងារបាននិយាយថា ការស្លាប់ទាំងនេះគឺមកពីគ្រោះថ្នាក់លង់ទឹក ដោយជនរងគ្រោះជាច្រើនត្រូវបានទឹកហូរបោកបក់ទៅឆ្ងាយក្នុងទន្លេដែលជោរជន់ ឬឧប្បត្តិហេតុផ្សេងទៀតដែលទាក់ទងនឹងភ្លៀងធ្លាក់។

ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើន ទីភ្នាក់ងារនេះបានរាយការណ៍ពីការខូចខាតយ៉ាងទូលំទូលាយនៅក្នុងប្រទេស ដោយបណ្ដាញផ្លូវហាយវេ និងផ្លូវធំៗទាំងនៅតំបន់ទីក្រុង និងជនបទ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយផ្លូវខ្លះមិនអាចឆ្លងកាត់បានទេ និងត្រូវការការជួសជុលឡើងវិញ។
ប្រទេសហ្ស៊ីមបាបវ៉េ បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបានបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ នាំឱ្យបាត់បង់ជីវិត ទ្រព្យសម្បត្តិ និងការខូចខាតយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផ្លូវដែករបស់ខ្លួន។ នៅក្នុងប្រទេសអាហ្វ្រិកភាគខាងត្បូងមួយនេះ រដូវវស្សាជាធម្មតា ចាប់ផ្តើមពីខែតុលា ដល់ខែមីនា ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងព្យុះម្តងម្កាល៕
