លោកនាយករដ្ឋមន្ត្រី Keir Starmer បានប្រាប់សារព័ត៌មាន Bloomberg ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយមុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអាស៊ីបូព៌ាថា ចក្រភពអង់គ្លេស នឹងមិនធ្វើការជ្រើសរើសរវាងការរក្សាទំនាក់ទំនងពិសេសជាមួយសហរដ្ឋអាមេរិក និងការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិនទេ។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថា៖«ខ្ញុំតែងតែត្រូវបានស្នើឲ្យជ្រើសរើសរវាងប្រទេសនានា។ ខ្ញុំមិនធ្វើបែបនោះទេ។ ខ្ញុំចាំថា នៅពេលដែលខ្ញុំកំពុងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ហើយមនុស្សគ្រប់គ្នា បានស្នើមកខ្ញុំថា ខ្ញុំគួរតែធ្វើការជ្រើសរើសរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ហើយខ្ញុំបានឆ្លើយថា៖«ខ្ញុំមិនធ្វើការជ្រើសរើសនោះទេ»។

លោកបានបន្ថែមថា៖«យើងមានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ជាការពិតណាស់ យើងចង់ ហើយយើងនឹងរក្សាអាជីវកម្មនោះ រួមជាមួយនឹងសន្តិសុខ និងការពារជាតិ។ ដូចគ្នានេះដែរ គ្រាន់តែធ្វើការទំនាក់ទំនងនឹងប្រទេសចិន ដែលជាប្រទេសសេដ្ឋកិច្ចធំទី២ នៅលើពិភពលោក ហើយស្វះស្វែងរកឱកាសពាណិជ្ជកម្ម ទើបការប្រសើរ»។
កាសែត The Times បានរាយការណ៍ថា នៅថ្ងៃល្ងាចអង្គារនេះ លោក Starmer នឹងធ្វើដំណើរទៅកាន់ប្រទេសចិន មុនពេលទៅទស្សនកិច្ចប្រទេសជប៉ុន ជាមួយគណៈប្រតិភូរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំធុរកិច្ច។ សរុបមក នាយកប្រតិបត្តិអង់គ្លេសប្រហែល ៦០នាក់ នឹងអមដំណើរលោក នៅទីក្រុងប៉េកាំង។ ។ លោក Starmer នឹងចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ទៅកាន់ទីក្រុងប៉េកាំង ចាប់តាំងពីឆ្នាំ ២០១៨ នៅពេលដែលលោកស្រី Theresa May បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន នៅក្នុងរដ្ឋធានីចិននេះ៕
