ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងនូវវោហាសាស្រ្តបែបផ្សះផ្សា បន្ទាប់ពីការសន្ទនាតាមទូរសព្ទជាមួយអភិបាលរដ្ឋមីនីសូតា លោក Tim Walz កាលពីថ្ងៃចន្ទ (២៦ មករា) នៅក្នុងសញ្ញាមួយដែលបង្ហាញថា ភាគីទាំងពីរចង់បន្ធូរបន្ថយវិបត្តិ ជុំវិញយុទ្ធនាការអន្តោប្រវេសន៍របស់សហព័ន្ធ ដែលបានបណ្តាលឱ្យពលរដ្ឋអាមេរិកពីរនាក់បានស្លាប់នៅទីក្រុង Minneapolis និងបង្កជាកំហឹងក្នុងចំណោមអ្នកស្រុក។
លោក Trump និងអភិបាលក្រុង Minneapolis លោក Jacob Frey ក៏បានសន្ទនាតាមទូរសព្ទនៅថ្ងៃចន្ទផងដែរ ហើយការលើកឡើងជាបន្តបន្ទាប់របស់មេដឹកនាំ ហាក់មានសុទិដ្ឋិនិយម ដែលជាការដកថយពីសង្រ្គាមពាក្យសម្ដីជាសាធារណៈដ៏ខ្លាំងក្លាអស់ជាច្រើនសប្តាហ៍។

សញ្ញាមួយទៀតនៃភាពធូរស្រាលខ្លះ គឺជាការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក Trump ដែលបាននិយាយថា លោក Gregory Bovino មន្ត្រីជាន់ខ្ពស់នៃកងល្បាតព្រំដែនសហរដ្ឋអាមេរិក ដែលរងការរិះគន់ពីសមាជិកបក្សប្រជាធិបតេយ្យ នឹងចាកចេញពីរដ្ឋមីនីសូតា រួមជាមួយភ្នាក់ងារមួយចំនួន។
បន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទជាមួយលោក Walz លោក Trump បាននិយាយថា លោកកំពុងស្ថិតក្នុង «គំនិតស្រដៀងគ្នា» ជាមួយអភិបាលរដ្ឋមកពីបក្សប្រជាធិបតេយ្យរូបនេះ ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោកបានបញ្ជាឱ្យភ្នាក់ងារអន្តោប្រវេសន៍អាមេរិកប្រហែល ៣ពាន់នាក់ ទៅកាន់តំបន់ Minneapolis-St. Paul ដែលនាំឱ្យមានការតវ៉ាយ៉ាងតានតឹង៕


