អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយកាលពីថ្ងៃចន្ទ (២៦ មករា) ថា អ៊ីរ៉ង់ នឹងផ្តល់ការឆ្លើយតប «ដ៏ទូលំទូលាយ និងគួរឱ្យសោកស្តាយ» ចំពោះសកម្មភាពដ៏កម្រោលណាមួយ ក្នុងការព្រមានយ៉ាងជាក់ស្ដែង បន្ទាប់ពីវត្តមាននាវាផ្ទុកយន្តហោះដ៏ធំរបស់កងទ័ពជើងទឹកអាមេរិក ទៅដល់តំបន់មជ្ឈិមបូព៌ា និងសកម្មភាពផ្សេងទៀតរបស់ទីក្រុងវ៉ាស៊ីនតោន។

ទាក់ទងនឹងការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិកថ្មីៗនេះនៅក្នុងតំបន់ និងការដាក់ទណ្ឌកម្មថ្មីៗលើអ៊ីរ៉ង់ លោក Baghaei បាននិយាយថា អ៊ីរ៉ង់នៅតែបន្តប្រឈមមុខនឹង «សង្គ្រាមចម្រុះ» ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ជាថ្មីថា អរិភាពរបស់សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់ នៅតែមិនផ្លាស់ប្តូរ ដោយលើកឡើងពីការវាយប្រហារកាលពីឆ្នាំមុន និងការប្រើប្រាស់ «សម្ពាធសេដ្ឋកិច្ច» ដើម្បីបំផ្លាញសេដ្ឋកិច្ចអ៊ីរ៉ង់។
លោកសង្កត់ធ្ងន់ថា ការមកដល់នៃកងកម្លាំងទ័ពជើងទឹកអាមេរិក នៅក្នុងតំបន់មជ្ឈិមពូព៌ា នឹងមិនធ្វើឱ្យការតាំងចិត្តការពារអធិបតេយ្យភាព និងប្រជាជនរបស់អ៊ីរ៉ង់ រង្គោះរង្គើនោះឡើយ ហើយយោធាអ៊ីរ៉ង់ កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្ត និងបន្តបង្កើនសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់។
នៅពេលសួរថា «តើអ៊ីរ៉ង់នឹងពិចារណាចរចាជាមួយសហរដ្ឋអាមេរិកដែរឬទេ ស្របពេលមានការរំពឹងទុកកាន់តែខ្លាំងឡើងអំពីលទ្ធភាពនៃការវាយប្រហារយោធា» អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់រូបនេះឆ្លើយតបថា ទីក្រុងតេអេរ៉ង់ «មិនដែលបោះបង់ចោលការទូត» ជាមធ្យោបាយដោះស្រាយជម្លោះនោះឡើយ ប៉ុន្តែគឺជាសហរដ្ឋអាមេរិកទៅវិញទេ ដែលបានធ្វើឱ្យខូចដល់កិច្ចចរចានុយក្លេអ៊ែរកន្លងមក៕

