បាល់ទាត់៖ ក្រុម TN Kandal បានគ្រងជើងឯកពានរង្វាន់បាល់ទាត់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលលើកទី១ ក្រោយយកឈ្នះក្រុមយុវជនស្រុកមុខកំពូល ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅកីឡដ្ឋានខេត្តកណ្ដាលកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ ពិធីបិទការប្រកួតនេះបានធ្វើឡើងក្រោមវត្តមានផ្ទាល់របស់ឯកឧត្តម គង់ សោភ័ណ្ឌ។
ជំនួបវគ្គផ្ដាច់ព្រ័ត្រដែលមានទស្សនិកជនចូលរួមទស្សនាយ៉ាងច្រើនកុះករនេះ ក្រុម TN Kandal បានបើកការនាំមុខក្រុមយុវជនស្រុកមុខកំពូល ២គ្រាប់មុនត្រឹមនាទី៥០ ហើយក្រុមទាំងពីរបានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំងនៅចុងម៉ោងរហូតដល់នាទីបន្ថែម ៩០+៣ ទើបក្រុមយុវជនស្រុកមុខកំពូលវាយបកបាន ១គ្រាប់វិញដោយកាត់ទាត់បាល់ពិន័យ ១១ម៉ែត្រមុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ ឯកឧត្តម ធុល នាង ប្រធានគណៈកម្មការរៀបចំការប្រកួតបានបញ្ជាក់ថា ការប្រកួតនេះបានរៀបចំជិត ១ខែកន្លះដោយចាប់ផ្ដើមប្រកួតតាំងពីដើមខែកុម្ភៈដោយមាន ១៨ក្រុមចូលរួម ក្នុងគោលបំណងបំផុសស្មារតីបំផុសចលនាយុវជននៅតាមបណ្តាក្រុង-ស្រុក និងមន្ទីរជំនាញជុំវិញខេត្ត ក៏ដូចជាវិស័យឯកជនដែលស្រលាញ់វិស័យកីឡា មានឱកាសបង្ហាញសមត្ថភាព ទេពកោសល្យ ហើយក្លាយជាធនធានតំណាងខេត្ត សម្រាប់ឈានទៅចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសគឺគាំទ្រយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ សម្រាប់គាំទ្រដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្តម គង់ សោភ័ណ្ឌ មានប្រសាសន៍ថា ការប្រកួតនេះគឺជាចំណុចសំខាន់មួយក្នុងចំណោមចំណុចទាំង ១២ នៃចក្ខុវិស័យ និងបេសកកម្មក្នុងការពង្រឹងវិស័យកីឡាបាល់ទាត់ក្នុងខេត្តកណ្ដាល តាមរយៈការអភិវឌ្ឍ និងការរៀបចំការប្រកួតថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស អាជ្ញាកណ្ដាល ពិសេសយុវជនដើម្បីបានបង្ហាញសមត្ថភាព និងទេពកោសល្យ ហើយឈានទៅសម្រេចក្ដីស្រម៉ៃក្លាយជាកីឡាករអាជីព និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិ ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានាឆ្នាំ២០២៣ ផងដែរ។ សូមបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតពានរង្វាន់អភិបាលខេត្តកណ្ដាលរដូវកាលទី១ ឆ្នាំ២០២២ នេះ សម្រាប់ក្រុមជើងឯកគឺក្រុម TN Kandal ទទួលបានប្រាក់រង្វាន់ ១២លានរៀល ខណៈក្រុមជើងឯករងយុវជនស្រុកមុខកំពូលទទួលបានប្រាក់រង្វាន់ ៨លានរៀល និងលេខ៣ ក្រុមយុវជនស្រុកល្វាឯមទទួលបានប្រាក់រង្វាន់ ៦លានរៀលបន្ទាប់ពីយកឈ្នះក្រុមយុវជនស្រុកខ្សាច់កណ្ដាល ១-០៕
អត្ថបទ៖ លី ឈុនឡា