កាលពីថ្ងៃចន្ទ (ទី២៦ ខែមករា ឆ្នាំ២០២៦) អង្គការសហប្រជាជាតិ (UN) បានសម្តែងក្ដីបារម្ភ ចំពោះសេចក្ដីរាយការណ៍ ដែលថា សហរដ្ឋអាមេរិកដាក់ពង្រាយក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ នៅមជ្ឈិមបូព៌ា និងពង្រីកវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់នេះ។
នៅពេលត្រូវបានសួរ អំពីសេចក្ដីរាយការណ៍ទាំងនេះ អ្នកនាំពាក្យ UN លោក Stephane Dujarric បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ពិតណាស់ យើងកំពុងបានឃើញសេចក្ដីរាយការណ៍ទាំងនេះ អំពីការមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងៗ ជាអ្វីដែលពិតជាគួរឲ្យព្រួយបារម្ភណាស់»។

ហើយជាមួយគ្នានេះ អំឡុងពេលថ្លែងពីរបាយការណ៍នៃការប្រើប្រាស់កម្លាំងរបស់កងកម្លាំងសន្តិសុខអ៊ីរ៉ង់លើក្រុមបាតុករ លោក Dujarric បានប្រាប់ថា៖ «ខ្ញុំសូមត្រឹមតែនិយាយថា យើងបានឃើញរបាយការណ៍ផ្សេងៗ អំពីចំនួនមនុស្សដែលត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខយ៉ាងច្រើន និងអ្នកតវ៉ាត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ»។
លោកបានបន្ថែមថា៖ «តួលេខគឺខុសគ្នា ប៉ុន្តែទោះបីជាមិនមានចំនួនពិតប្រាកដក៏ដោយ ក៏វាគឺច្បាស់ណាស់ថា ស្ថានភាពនៅលើដី គឺគួរឲ្យតក់ស្លុត ទាក់ទងនឹងការសម្លាប់ទាំងនេះ»។
លោក Dujarric បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ ក៏មានការព្រួយបារម្ភផងដែរ ចំពោះការមានផលវិបាកកាន់តែទូលំទូលាយ ក្នុងតំបន់ ដោយសារការវិវត្តថ្មីៗ ដោយលោកបានបញ្ជាក់ថា «ក្នុងពេលជាមួយគ្នានេះ យើងមានក្ដីបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនូវសកម្មភាពយោធា និងវោហាសាស្ត្រ ដែលយើងគិតថា វានឹងធ្វើឲ្យតំបន់កាន់តែលែងមានសុវត្ថិភាព»។
គួរបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទូទាំងទីក្រុងនានារបស់អ៊ីរ៉ង់ ដោយសារមិនពេញចិត្តនឹងការលំបាកផ្នែកសេដ្ឋកិច្ច និងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណជាតិ ដែលជំរុញឲ្យប្រធានាធិបតីអាមេរិក Donald Trump ព្រមាន អំពី «ការជួយសង្គ្រោះ» របស់សហរដ្ឋអាមេរិក ប្រសិនបើក្រុមបាតុករ ត្រូវបានសម្លាប់ ដោយនិយាយថា កងកម្លាំងត្រូវបានដាក់ឲ្យត្រៀមខ្លួនចាត់វិធានការ៕

