កងកម្លាំងកងទ័ពស៊ូដង់ បានបញ្ចប់ការឡោមព័ទ្ធរយៈពេល ២ឆ្នាំដែលធ្វើឡើងដោយកងកម្លាំងគាំទ្ររហ័ស (RSF) លើទីក្រុង Dilling ដែលជាទីក្រុងធំទី២ នៅតំបន់ South Kordofan។ នេះបើយោងតាមយោធា ដែលបានប្រាប់ឲ្យដឹងកាលពីថ្ងៃចន្ទ (ទី២៦ ខែមករា ឆ្នាំ២០២៦)។
សេចក្តីថ្លែងការណ៍មួយពីយោធា បានឲ្យដឹងថា កងកម្លាំងកងទ័ព បានសម្អាត និងបើកផ្លូវនៅទីក្រុង Dilling «បន្ទាប់ពីមាននូវប្រតិបត្តិការយោធាដ៏ជោគជ័យ ដែលបណ្តាលឲ្យមានការវាយលុក និងយកជ័យជម្នះលើកងជីវពល RSF»។ សេចក្ដីថ្លែងការណ៍នោះ បានបន្ថែមថា កងកម្លាំងកងទ័ព បានបង្កឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ ទាំងអាយុជីវិត និងសម្ភារៈរបស់កងជីវពល RSF។
កងទ័ពបានប្ដេជ្ញា «បន្តបំផ្លាញកងជីវពល RSF ឲ្យអស់ពីប្រទេស រហូតដល់សន្តិសុខ និងស្ថិរភាព ត្រូវបានស្តារឡើងវិញនៅទូទាំងប្រទេស»។

យោងតាមសាក្សី បានឲ្យដឹងថា កងកម្លាំងស៊ូដង់ បានចូលទៅក្នុងទីក្រុងដែលត្រូវបានឡោមព័ទ្ធមួយនេះ បន្ទាប់ពីមានការប៉ះទង្គិចជាមួយកងកម្លាំង RSF និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺចលនារំដោះប្រជាជនស៊ូដង់ខាងជើង (SPLM-N)។ សាក្សីបាននិយាយថា ហ្វូងមនុស្សយ៉ាងច្រើន បានចេញមកស្វាគមន៍កងកម្លាំងកងទ័ព នៅពេលដែលពួកគេចូលទៅក្នុងតំបន់នោះ។
ទាហានស៊ូដង់ បានចែករំលែកវីដេអូឃ្លីបនៅលើបណ្ដាញសង្គម ដែលបង្ហាញពីការអបអរសាទរដោយកងទ័ព និងជនស៊ីវិល នៅខាងក្នុងទីក្រុង Dilling។ មិនមានការអត្ថាធិប្បាយភ្លាមៗនឡើយ ពីកងកម្លាំង RSF ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ។ ក្រុមឧទ្ទាមមួយនេះបានបន្តឡោមព័ទ្ធយ៉ាងខ្លាំងក្លា លើទីក្រុង Dilling ចាប់តាំងពីខែមករា ឆ្នាំ២០២៤៕
