មីយ៉ាន់ម៉ា៖ អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានថ្កោលទោសចំពោះការស្លាប់យ៉ាងច្រើន នៅក្នុងសហភាពមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈដោយព្រមានថា ក្រុមអ្នកតវ៉ាដែលត្រូវបានឃុំខ្លួន កំពុងប្រឈមនឹងការធ្វើទារុណកម្ម ហើយមនុស្សរាប់រយនាក់បានបាត់ខ្លួន។

អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងខ្ពស់ ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនៅក្នុងសហភាពមីយ៉ាន់ម៉ា ជាទីដែលកងកម្លាំងសន្តិសុខកំពុងប្រើប្រាស់កម្លាំងដ៏សាហាវ ប្រឆាំងនឹងក្រុមបាតុករកំពុងតវ៉ាស្ងៀមស្ងាត់។ លោកស្រីនិយាយថា បើសរុបទាំងអស់ការិយាល័យបានបញ្ជាក់ថា មនុស្សសរុបចំនួន ១៤៩នាក់បានស្លាប់នៅក្នុងការបង្ក្រាបការតវ៉ាចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែបានសង្កត់ធ្ងន់ថា ចំនួនពិតប្រាកដគឺពិតជាខ្ពស់ជាងនេះ។
បើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) មនុស្សជាង ១៨០នាក់ត្រូវបានសម្លាប់ រួមទាំង ៧៤នាក់នៅថ្ងៃអាទិត្យតែមួយថ្ងៃប៉ុណ្ណោះ។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្នុងនោះកាលពីថ្ងៃច័ន្ទមានមនុស្សស្លាប់ចំនួន ១១នាក់, ថ្ងៃអាទិត្យមាន ៣៩នាក់ និងថ្ងៃសៅរ៍មាន ១៨នាក់៕
អត្ថបទ៖ សុខមាន