សហរដ្ឋអាមេរិក៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានប្រាប់សារព័ត៌មាន CNN ថា ប្រទេសរុស្ស៊ីបានស្នើសុំជំនួយយោធាពីចិនក្នុងសង្គ្រាមនៅអ៊ុយក្រែន រួមមានយានដ្រូន ខណៈខ្លួននៅតែបន្តឈ្លានពានដោយគ្មានមូលហេតុ។ ជំនួយដ៏ធំពីប្រទេសចិននឹងក្លាយជាកម្លាំងដ៏សំខាន់នៅក្នុងការឈ្លានពានរបស់រុស្ស៊ី ហើយនឹងធ្វើឲ្យកងកម្លាំងអ៊ុយក្រែនបាត់បង់សមត្ថភាពក្នុងការឈរជើងនៅក្នុងប្រទេសនេះ។
នៅពេលត្រូវបានសួរអំពីរបាយការណ៍នៃសំណើរបស់ប្រទេសរុស្ស៊ី ចំពោះជំនួយយោធានេះលោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនក្នុងសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា លោកមិនដែលបានលឺពីដំណឹងនេះទេ។ លោក Liu បានបង្ហាញក្ដីបារម្ភអំពីស្ថានភាពរបស់ប្រទេសអ៊ុយក្រែន ដោយហៅការលើកឡើងនោះថា ជារឿងខកចិត្តខ្លាំងបំផុត និងបាននិយាយថា ប្រទេសចិន និងបន្តផ្ដល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន។
លោក Liu បាននិយាយថា ចំណុចជាអាទិភាពធំបំផុតនៅពេលនេះ គឺត្រូវទប់ស្កាត់ស្ថានភាពដែលកំពុងតានតឹងនេះ កុំឲ្យរីកកាន់តែធំថែមទៀតរហូតគ្រប់គ្រងលែងបាន ប្រទេសចិនអំពាវនាវឲ្យមានការអត់ធ្មត់ឲ្យបានច្រើនបំផុត និងទប់ស្កាត់កុំឲ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ ស្ថានទូតរុស្ស៊ីនៅក្នុងសហរដ្ឋអាមេរិកមិនបានឆ្លើយតបភ្លាមៗទេ ចំពោះការស្នើសុំសេចក្ដីអត្ថាធិប្បាយពីសារព័ត៌មាន CNN៕
អត្ថបទ៖ សុខមាន