ស្ដ្រីជាម្ដាយគេម្នាក់ បានរៀបរាប់នៅក្នុងអត្ថបទសារព័ត៌មានមួយ អំពីថា តើកូនប្រុសរបស់គាត់ ដែលជាទាហានបម្រុងយោធា បានវាយកញ្ចក់ទាំងអស់នៅក្នុងផ្ទះរបស់គាត់បែកខ្ទេចខ្ទីយ៉ាងដូចម្ដេច។
នៅលើឆាក តារាកំប្លែងម្នាក់និយាយអំពីការតស៊ូជាមួយនឹងជំងឺស្ត្រេសក្រោយមានការប៉ះទង្គិចផ្លូវចិត្ត (PTSD)។ ហើយនៅក្នុងសភា ក្មេងជំទង់ម្នាក់ អង្វរសុំជំនួយឲ្យជួយដោះស្រាយអាកប្បកិរិយាផ្ទុះកំហឹងរបស់ឪពុកនាង ចាប់តាំងពីត្រឡប់មកពីធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សាវិញ។
តំបន់ហ្កាហ្សាកំពុងស្ថិតក្នុងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយប្រជាជនប៉ាឡេស្ទីន ដែលភាគច្រើនរស់នៅក្នុងជម្រកបណ្តោះអាសន្ន និងស្ថានភាពមិនមានអនាម័យ កំពុងតស៊ូជាមួយនឹងរបួសផ្លូវចិត្តដែលទំនងជាបន្សល់ទុកស្លាកស្នាមទៅដល់មនុស្សជំនាន់ក្រោយៗទៀត។
នៅអ៊ីស្រាអែល មានមនុស្សរាប់ពាន់នាក់ដែលកំពុងរងការឈឺចាប់ ដោយសារ PTSD បន្ទាប់ពីមានការវាយប្រហារពីក្រុមហាម៉ាស កាលពីខែតុលា ឆ្នាំ២០២៣ និងសង្គ្រាម ២ឆ្នាំក្រោយនោះ ដែលបានក្លាយជាវិបត្តិសុខភាពផ្លូវចិត្តដ៏ធំបំផុតរបស់ប្រទេស។

អ្នកវិភាគសង្គមអ៊ីស្រាអែល លើកឡើងថា របួសផ្លូវចិត្តនេះ បានធ្វើឲ្យធ្លាក់ចុះនូវគាំទ្រ សម្រាប់ការរួមរស់ជាមួយប្រជាជនប៉ាឡេស្ទីន ហើយកំពុងធ្វើឲ្យកើតរដ្ឋាភិបាលយោធាមួយទៀតដែលចង់មានសង្គ្រាម ដោយទំនងកើតមាននៅក្នុងការបោះឆ្នោត ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៦។
វិបត្តិនេះក៏ផ្ដល់ផលអវិជ្ជមានធ្ងន់ធ្ងរផងដែរដល់សេដ្ឋកិច្ច។ យោងតាមការសិក្សាមួយ ដោយមជ្ឈមណ្ឌល NATAL Israel Trauma & Resiliency Centre បានឲ្យដឹងថា វាទំនងជាធ្វើឲ្យសេដ្ឋកិច្ចខាតបង់ ៥០០ពាន់លានសេកែល (ជាង ១៦០ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ នេះរួមបញ្ចូលទាំងការខូចខាតដោយផ្ទាល់ ចំពោះការងារ និងការបាត់បង់ផលិតភាព ក៏ដូចជាការចំណាយដោយប្រយោល ដូចជាការកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ជំងឺរ៉ាំរ៉ៃ ការញៀន និងអំពើហិង្សាក្នុងគ្រួសារ៕


