អគ្គិភ័យមួយ បានឆាបឆេះកន្លែងស្នាក់នៅរបស់អន្តោប្រវេសន៍ដែលគ្មានអាជ្ញាប័ណ្ណមួយកន្លែង នៅជាយភាគខាងកើតនៃទីក្រុងមូស្គូ នាព្រឹកព្រលឹមថ្ងៃអង្គារ (ទី២៧ ខែមករា ឆ្នាំ២០២៦) នេះ ដោយបានបណ្ដាលឲ្យមានអ្នកស្លាប់ ៤នាក់យ៉ាងតិច ដែលគេជឿថា ជាជនជាតិគុយបា។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី។
គណៈកម្មាធិការស៊ើបអង្កេតតំបន់របស់ទីក្រុងមូស្គូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នាព្រឹកព្រលឹមថ្ងៃទី២៧ ខែមករានេះ សេវាសង្គ្រោះបន្ទាន់បានទទួលការរាយការណ៍ អំពីអគ្គិភ័យ នៅលំនៅឋានឯកជនមួយ នៅក្នុងទីក្រុង Balashikha។ បន្ទាប់ពីអគ្គិភ័យត្រូវបានពន្លត់ សាកសពបុរស ២នាក់ និងស្ត្រី ២នាក់ ត្រូវបានរកឃើញ»។

ជាមួយគ្នានេះ គណៈកម្មាធិការនេះបានឲ្យដឹងបន្ថែមថា ក្មេងជំទង់អាយុ ១៥ឆ្នាំម្នាក់ ដែលមានសញ្ញាពុលកាបូនម៉ូណូអុកស៊ីត ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ”។
អគ្គីភ័យបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត គឺជារឿងធម្មតា នៅក្នុងប្រទេសរុស្ស៊ី ជាពិសេសសម្រាប់អគារចាស់ៗដែលខ្វះប្រព័ន្ធប្រកាសអាសន្នអគ្គិភ័យ និងមិនត្រូវបានសាងសង់តាមស្តង់ដារស្ថាបត្យកម្មទំនើបឡើយ។ ប្រភពមួយបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា អគារនេះអាចត្រូវបានគេប្រើជាកន្លែងស្នាក់គ្មានអាជ្ញាប័ណ្ណ។
ទីភ្នាក់ងារនេះបានបន្ថែមថា អ្នកស្លាប់ គឺជាពលរដ្ឋគុយបា។ ជនបរទេសរាប់សែននាក់ ដែលភាគច្រើនខុសច្បាប់ ត្រូវបានគេគិតថា រស់នៅក្នុងប្រទេសរុស្ស៊ី ដោយខ្លះរស់នៅក្នុងកន្លែងស្នាក់ដែលដំណើរការខុសច្បាប់៕
