ប្រទេសចិន នៅថ្ងៃអង្គារ (ទី២៧ ខែមករា ឆ្នាំ២០២៦) បានសន្យាថា នឹងផ្តល់ «ការគាំទ្រ និងជំនួយ» ដល់គុយបា នៅចំពោះមុខការគំរាមកំហែងម្តងហើយម្តងទៀត ពីសំណាក់សហរដ្ឋអាមេរិក ដែលកាលពីប៉ុន្មានសប្តាហ៍កន្លងទៅ បានទម្លាក់សម្ព័ន្ធមិត្តរបស់ទីក្រុងឡាហាវ៉ាន (Havana) ពីអំណាច គឺលោក Nicolas Maduro របស់វ៉េណេស៊ុយអេឡា។
ទីក្រុងប៉េកាំង និងឡាហាវ៉ាន គឺជាសម្ព័ន្ធមិត្តសង្គមនិយមយូរអង្វែង ហើយអាជ្ញាធរចិន បានប្រឆាំងជាប់ជានិច្ច ចំពោះវិធានការបិទខ្ទប់សេដ្ឋកិច្ចដែលដាក់លើកោះនេះអស់រយៈពេលជាច្រើនទសវត្សរ៍ ដោយសហរដ្ឋអាមេរិក។ ភាពតានតឹងបានកើនឡើងនៅក្នុងខែមករានេះ នៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា គុយបា «ត្រៀមដួលរលំហើយ»។
លោក Trump បានប្រាប់ទីក្រុងឡាហាវ៉ានឲ្យ «ធ្វើកិច្ចព្រមព្រៀង» ឬមិនដូច្នោះទេ ត្រូវទទួលបានផលស្រដៀងគ្នាទៅនឹងវ៉េណេស៊ុយអេឡា ដែលអតីតមេដឹកនាំរបស់ប្រទេសនេះ គឺលោក Maduro ត្រូវបានចាប់ខ្លួន អំឡុងការវាយឆ្មក់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែមករា ដែលបានសម្លាប់មនុស្សរាប់សិបនាក់។

នៅថ្ងៃទី២៧ ខែមករានេះ អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បាននិយាយថា៖ «ប្រទេសចិនបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងប្រឆាំង ចំពោះវិធានការរបស់សហរដ្ឋអាមេរិកលើប្រទេសគុយបា»។
លោក Guo បានបន្ថែមថា៖ «យើងជំរុញឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការធ្វើឲ្យខូចដល់សន្តិភាព និងស្ថិរភាព ក្នុងតំបន់»។ ហើយលោកក៏បានអំពាវនាវផងដែរឲ្យទីក្រុងវ៉ាស៊ីនតោន «លុបចោលជាបន្ទាន់នូវវិធានការបិទខ្ទប់ និងទណ្ឌកម្មលើប្រទេសគុយបា»។ លោកបានសង្កត់ធ្ងន់ថា៖ «ចិននឹងបន្តផ្តល់ការគាំទ្រ និងជំនួយដល់ប្រទេសគុយបាតាមដែលអាចធ្វើទៅបាន»៕
