រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលឆ្វេងនិយមរបស់ប្រទេសអេស្ប៉ាញ នឹងអនុម័តក្រឹត្យមួយ នៅថ្ងៃអង្គារ (ទី២៧ ខែមករា ឆ្នាំ២០២៦) នេះ ដែលនឹងធ្វើឲ្យជនអន្តោប្រវេសន៍គ្មានឯកសារត្រឹមត្រូវចំនួន ៥០០,០០០ នាក់ទទួលបានភាពស្របច្បាប់ ដោយការធ្វើបែបនេះ គឺជាដំណើរការច្រាសនឹងគោលនយោបាយដ៏តឹងរ៉ឹងបំផុតរបស់ប្រទេសផ្សេងទៀត នៅតំបន់អឺរ៉ុប។
លោកស្រី Elma Saiz បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ RTVE ថា អ្នកទទួលបានអត្ថប្រយោជន៍ នឹងអាចធ្វើការ «ក្នុងវិស័យណាមួយ នៅក្នុងតំបន់ណាមួយរបស់ប្រទេស» ហើយបានចង្អុលបង្ហាញពី «ផលវិជ្ជមាន» របស់ទេសន្តរប្រវេសន៍។
លោកស្រីបានបន្ថែមថា «យើងកំពុងនិយាយអំពីការប៉ាន់ប្រមាណ ដោយតួលេខអាចលើស ឬតិចជាង ពោលគឺអាចមានប្រហែលកន្លះលាននាក់» ដោយបានបញ្ជាក់ថា រដ្ឋាភិបាលកំពុង «ទទួលស្គាល់ និងផ្តល់ការគោរព» ដល់ប្រជាជនដែលមានវត្តមាននៅក្នុងប្រទេសអេស្ប៉ាញរួចហើយ។
ប្រភពពីក្រសួងរបស់លោកស្រី បានបង្ហើបឲ្យដឹងថា វិធានការនេះនឹងមានប្រសិទ្ធភាព ចំពោះអ្នកដែលរស់នៅក្នុងប្រទេសអេស្ប៉ាញយ៉ាងហោចណាស់ ៥ខែ និងអ្នកដែលបានដាក់ពាក្យសុំការការពារអន្តរជាតិ មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
ប្រភពបានបន្ថែមថា ការធ្វើឲ្យមានលក្ខណៈស្របច្បាប់នេះ ក៏នឹងរួមបញ្ចូលកូនៗរបស់អ្នកដាក់ពាក្យសុំ ដែលរស់នៅក្នុងប្រទេសអេស្ប៉ាញរួចហើយផងដែរ។
នាយករដ្ឋមន្ត្រីសង្គមនិយម លោក Pedro Sanchez លើកឡើងថា ប្រទេសអេស្ប៉ាញត្រូវការអន្តោប្រវេសន៍ ដើម្បីបំពេញការខ្វះខាតកម្លាំងពលកម្ម និងទប់ទល់ជាមួយចំនួនប្រជាជនវ័យចំណាស់ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រាក់សោធននិវត្តន៍ និងស្ថានភាពសុខុមាលភាព៕