ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងនៅថ្ងៃអង្គារ (ទី២៧ ខែមករា ឆ្នាំ២០២៦) នេះថា វាគឺជាលើកដំបូងហើយ ក្នុងរយៈពេល ២ឆ្នាំកន្លះ ដែលអង្គការអាចដឹកជញ្ជូនរបស់របរ សម្រាប់សាលារៀន ដែលមានសម្ភារៈសិក្សា ចូលទៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីកាលពីមុនត្រូវបានរារាំងដោយអាជ្ញាធរអ៊ីស្រាអែល។
អង្គការ UNICEF បានឲ្យដឹងថា សម្ភារៈសិក្សារាប់ពាន់មុខ ដែលរួមមានទាំងខ្មៅដៃ សៀវភៅលំហាត់ និងគូបឈើ សម្រាប់លេង បានចូលទៅក្នុងដែនដីនេះហើយឥឡូវនេះ។
អ្នកនាំពាក្យរបស់អង្គការ UNICEF លោក James Elder បាននិយាយថា៖ «ឥឡូវនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យើងទទួលបានសម្ភារៈកម្សាន្តរាប់ពាន់ សម្ភារៈសិក្សារាប់រយនៅក្នុងប្រអប់ក្រដាសកាតុង។ យើងកំពុងសម្លឹងដល់ការទទួលបានសម្ភារៈសិក្សាចំនួន ២.៥០០មុខ បន្ថែមទៀត នៅក្នុងសប្តាហ៍ក្រោយ ពីព្រោះរបស់របរទាំងនោះត្រូវបានយល់ព្រមហើយ»។
COGAT ជាសាខារបស់យោធាអ៊ីស្រាអែលដែលត្រួតពិនិត្យលំហូរជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
លោក Elder បាននិយាយថា កុមារ នៅតំបន់ហ្កាហ្សា បានប្រឈមនឹងការវាយប្រហារមិនធ្លាប់មានពីមុនលើប្រព័ន្ធអប់រំ ក៏ដូចជាការរឹតបន្តឹងលើការចូលប្រើប្រាស់សម្ភារៈជំនួយមួយចំនួនផងដែរ រួមទាំងសៀវភៅសិក្សា និងខ្មៅដៃ ដែលមានន័យថា គ្រូបង្រៀនត្រូវប្រើប្រាស់ធនធានមានកំណត់ ខណៈពេលដែលកុមារព្យាយាមសិក្សា នាពេលយប់ នៅក្នុងតង់ដោយគ្មានភ្លើងបំភ្លឺ។
ជាមួយគ្នានេះ ក្នុងអំឡុងពេលមានជម្លោះ កុមារមួយចំនួន បានខកខានមិនបានសិក្សាទាំងស្រុង ដោយជួបប្រទះនឹងបញ្ហាប្រឈមជាមូលដ្ឋាន ដូចជាការស្វែងរកទឹក ក៏ដូចជាកង្វះអាហារូបត្ថម្ភយ៉ាងទូលំទូលាយ ស្របពេលមានវិបត្តិមនុស្សធម៌ដ៏ធំ៕