លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់ជាថ្មីទៀតថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឱ្យមានការកសាងឡើងវិញនៅហ្កាហ្សាមុនពេលក្រុមភេរវកម្មនៅក្នុងតំបន់នោះរំសាយអាវុធនោះទេ ហើយបាននិយាយថា អ៊ីស្រាអែលនឹងរក្សាការគ្រប់គ្រងសន្តិសុខលើហ្កាហ្សា និងតំបន់ West Bank នៅក្នុងសន្និសីទសារព័ត៌មានដ៏ទូលំទូលាយមួយធ្វើឡើងកាលពីល្ងាចថ្ងៃអង្គារ២៧មករាសប្ដាហ៍នេះ បន្ទាប់ពីការវិលត្រឡប់ទៅកាន់អ៊ីស្រាអែលនៃចំណាប់ខ្មាំងចុងក្រោយដែលត្រូវបានសម្លាប់ គឺលោក Ran Gvili។

នាយករដ្ឋមន្ត្រីរូបនេះបាននិយាយថា ឥឡូវនេះ ពួកលោកកំពុងផ្តោតលើការបំពេញបេសកកម្មពីរដែលនៅសល់ គឺ ការរំសាយអាវុធរបស់ក្រុមហាម៉ាស ការធ្វើឲ្យហ្កាហ្សាក្លាយជាតំបន់គ្មានកងទ័ព និងកម្ទេចផ្លូវរូងក្រោមដីចេញពីដែនដីហ្កាហ្សា។
លោកក៏បានអះអាងពីភាពត្រឹមត្រូវក្នុងការប្រគល់ចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សាផងដែរ។លោកបានបញ្ជាក់ម្តងទៀតនូវការព្រមានមួយថា អ៊ីស្រាអែលនឹងឆ្លើយតបដោយកម្លាំង ប្រសិនបើត្រូវបានវាយប្រហារដោយអ៊ីរ៉ង់។
លោកក៏បានស្តីបន្ទោសការរឹតត្បិតលើអាវុធពីរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរចំពោះការស្លាប់របស់ទាហានអ៊ីស្រាអែលនៅដែនដីហ្កាហ្សា។ ហើយលោកបានបង្កប់ន័យថា អារ៉ាប៊ីសាអ៊ូឌីតមិនគួរចូលរួមជាមួយកាតា និងតួរគីទេ ប្រសិនបើខ្លួនសង្ឃឹមថានឹងធ្វើឱ្យទំនាក់ទំនងជាមួយអ៊ីស្រាអែលមានលក្ខណៈធម្មតាវិញ។
លោកបានបន្ថែមថា លោកបានលឺថានឹងមានទាហានទួរគី និងកាតាចូលទៅនឹងហ្កាហ្សា តែរឿងនោះនឹងមិនកើតឡើងឡើយ៕

