ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃអង្គារ២៧មករា សប្ដាហ៍នេះ ថា រដ្ឋបាលរបស់លោកនឹងបន្ធូរបន្ថយការបង្ក្រាបអន្តោប្រវេសន៍របស់ខ្លួននៅរដ្ឋ Minnesota។
លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មាន Fox News ថា ពួកលោកនឹងបន្ធូរដៃបន្តិច។

បន្ទាប់ពីការស្លាប់របស់គិលានុបដ្ឋាក លោក Alex Pretti ដែលត្រូវបានបាញ់សម្លាប់ដោយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ថ្មីៗនេះ ការរិះគន់ពីសាធារណជន ការតវ៉ា និងការជំរុញនយោបាយបានផ្ទុះឡើងនៅសហរដ្ឋអាមេរិក។
សេតវិមានបាននិយាយថា លោកប្រធានាធិបតី Donald Trump មិនចង់ឃើញមនុស្សរងរបួស ឬស្លាប់នៅតាមដងផ្លូវក្នុងទឹកដីសហរដ្ឋអាមេរិកទេ ហើយជឿជាក់ថា ការសម្លាប់បុរសម្នាក់នៅទីក្រុង Minneapolis ដោយមន្ត្រីសហព័ន្ធ គឺជាសោកនាដកម្មមួយ។
ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីអាមេរិករូបនេះ គឺជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញថា រដ្ឋបាលរបស់លោកកំពុងដកថយមួយជំហានលើប្រតិបត្តិការរបស់ខ្លួននៅរដ្ឋ Minnesota៕

