ក្រុមអាជ្ញាធរនិយាយថា កងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែនបានសម្លាប់មនុស្ស ១២ នាក់ និងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល និងរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងកាលពីយប់ថ្ងៃអង្គារ២៧ មករា សប្ដាហ៍នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមអ្នកចរចាមកពីភាគីទាំងពីរបានរៀបចំកិច្ចចរចាដោយផ្ទាល់ នៅអេមីរ៉ាត អារ៉ាប់រួម ក្នុងមានគោលបំណងបញ្ចប់សង្គ្រាមជិត៤ឆ្នាំមកនេះ។

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Yulia Svyrydenko បានបង្ហោះលើបណ្ដាញសង្គម Xថា នៅតំបន់ Kharkiv ភាគឦសាន យានដ្រូនមួយគ្រឿង បានវាយប្រហារលើរថភ្លើង ដែលដឹកអ្នកដំណើរជិត ២០០ នាក់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ ។
ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅលើ Telegram ដោយថ្កោលទោស ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើរថភ្លើងនោះថាជាភេរវកម្ម។
មន្ត្រីតំបន់បាននិយាយថា ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីជាង ៥០ គ្រឿងបានសម្លាប់មនុស្សបីនាក់ និងរបួសជាង ៣០ នាក់នៅក្នុងទីក្រុង Odesa ភាគខាងត្បូង ។
ទីក្រុងសមុទ្រខ្មៅដ៏សំខាន់សម្រាប់ការនាំចេញរបស់អ៊ុយក្រែន ត្រូវបានវាយប្រហារជាប្រចាំដោយកងកម្លាំងរុស្ស៊ី៕

