ភ្នំពេញ៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ជារៀងរាល់ខែ។ យ៉ាងណាម៉ិញកម្មវិធីនេះ នឹងបិទបញ្ចប់នៅពេលដែលស្ថានភាពកូវីដ-១៩ លែងមានភាពប៉ះពាល់ ព្រោះវាពុំមែនជាកម្មវិធីអចិន្រ្តៃយ៍នោះទេ។
ទោះថ្ងៃខាងមុខកម្មវិធីនេះ នឹងបិទបញ្ចប់ក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឧបត្ថម្ភជួយដល់ជនងាយរងគ្រោះដោយចាប់ផ្ដើមអនុវត្តនូវកម្មវិធីជំនួយសង្គមថ្មីមួយទៀត គឺកម្មវិធីកញ្ចប់គ្រួសារ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាកម្មវិធីមិនអចិន្ត្រៃយ៍ ដែលនឹងបិទបញ្ចប់នៅពេលដែលស្ថានភាពកូវីដ-១៩ លែងបង្ករផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
យ៉ាងណាម៉ិញរាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្តគាំទ្រជួយឧបត្ថម្ភថវិកាដល់ជនងាយរងគ្រោះ តាមរយៈកម្មវិធីជំនួយសង្គមថ្មីមួយទៀត គឺកម្មវិធីកញ្ចប់គ្រួសារ។ នេះជាការលើកឡើងរបស់លោក ឈួរ សុបញ្ញា ប្រធានាយកដ្ឋានសុខុមាលភាពស្គម នៃក្រសួងសង្គមកិច្ចដែលកំពុងអនុវត្តកម្មវិធីជំនួយសង្គម។
លោកប្រធាននាយកដ្ឋាន បន្តថា កម្មវិធីកញ្ចប់គ្រួសារ គឺនឹងដាក់អោយអនុវត្តភ្លាមៗក្រោយពេលដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ បិទបញ្ចប់ភ្លាមៗ។
កម្មវិធីកញ្ចប់គ្រួសារនេះ គឺគ្របដណ្ដប់លើក្រុមងាយរងគ្រោះ ជាច្រើនក្រុមដូចជា ក្រុមមានពិការភាព មនុស្សវ័យចាស់ សិស្ស ស្ត្រីមានផ្ទៃពោះ ដែលពួកគាត់ទាំងអស់ត្រូវតែស្ថិតនៅក្នុងគ្រួសារក្រីក្រ។
ចំពោះគ្រួសារក្រីក្រដែលសព្វថ្ងៃមានមនុស្សចាស់រស់នៅជាមួយ យល់ឃើញថាអនាគតដែលរាជរដ្ឋាភិបាលនឹងបន្តជួយក្រុមងាយរងគ្រោះនេះ ជារឿងប្រសើរ ព្រោះវាអាចជួយសម្រួលបន្ទុករស់នៅរបស់ពួកគាត់មួយចំណែកផងដែរ។
កម្ពុជាក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ តាំងពីឆ្នាំ ២០២០មកនេះ គឺរាជរដ្ឋាភិបាល បានអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះរហូតមកដល់ពេលបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ប្រមាណ៥៩២ លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋមាន ជីវភាពក្រីក្រ និងងាយរងគ្រោះប្រមាណជា ៧០ម៉ឺនគ្រួសារនៅទូទាំងប្រទេស ដែលរហូតមកដល់ពេលនៃការអនុវត្តបានរយៈពេល២០លើក រួចមកហើយ ៕អត្ថបទ៖ គឹមហុក