យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអង្គារ (២៧ មករា) បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិបំណាក់ដី ដែលបានវាយប្រហារភូមិ Pasirlangu ស្រុក West Bandung នៃខេត្ត ជ្វាខាងលិច របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានកើនឡើងដល់ ៤៨នាក់ ដោយជនរងគ្រោះ ៣០នាក់ ត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ហើយ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីរបស់នគរបាលជ្វាខាងលិច ដោយនិយាយថា អង្គភាពកំណត់អត្តសញ្ញាណជនរងគ្រោះដោយគ្រោះមហន្តរាយ បានទទួលស្បោងដាក់សាកសពសរុបចំនួន ៤៨ស្បោង ដែលត្រូវបានជម្លៀសដោយក្រុមស្វែងរកនិងជួយសង្គ្រោះ។ នគរបាលនិយាយថា មនុស្សជាច្រើននាក់នៅតែបាត់ខ្លួន ហើយបញ្ជីឈ្មោះមនុស្សបាត់ខ្លួននៅតែបន្តធ្វើបច្ចុប្បន្នភាព។
ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងស្វែងរក អាជ្ញាធរបានដាក់ពង្រាយសត្វសុខនស្វែងរក និងជួយសង្គ្រោះ ដើម្បីជួយដល់ក្រុមការងារ ក្នុងការស្វែងរកជនរងគ្រោះដែលត្រូវបានកប់នៅក្រោមបំណាក់ដី ជាពិសេសនៅតំបន់ដែលឧបករណ៍ធុនធ្ងន់ពិបាកចូលទៅដល់។
គួររម្លឹកថា ហេតុការណ៍នេះបានកើតឡើងរយៈពេលពីរខែប៉ុណ្ណោះ បន្ទាប់ពីទឹកជំនន់និងបំណាក់ដីដ៏ធំដែលបង្កឡើងដោយព្យុះស៊ីក្លូននៅលើកោះ ស៊ូម៉ាត្រា បានសម្លាប់មនុស្ស ១.២០០នាក់ បំផ្លាញផ្ទះសម្បែង និងបានជម្លៀសប្រជាជនជាង ១លាននាក់៕
