ប្រជាជននិងក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារ (២៧ មករា) ថា មនុស្សជាង ៧០.០០០នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារ បានបង្ខំចិត្តរត់ភៀសខ្លួនចេញពីតំបន់ដាច់ស្រយាលមួយនៅភាគពាយព្យប្រទេសប៉ាគីស្ថាន ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន ដោយសារតែភាពមិនប្រាកដប្រជានៃប្រតិបត្តិការយោធា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ តាលីបង់ប៉ាគីស្ថាន។

រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន លោក Khawaja Mohammad Asif បានបដិសេធការអះអាងរបស់ប្រជាពលរដ្ឋនិងអាជ្ញាធរខេត្ត ដោយលោកបាននិយាយថា ពុំមានប្រតិបត្តិការយោធាណាមួយកំពុងដំណើរការ ឬគ្រោងទុកក្នុងទីក្រុង Tirah ក្នុងខេត្ត Khyber Pakhtunkhwa នោះទេ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងអ៊ីស្លាម៉ាបាដ លោកបាននិយាយថា អាកាសធាតុអាក្រក់គឺជាកត្តាជំរុញឱ្យមានការចាកចេញដ៏ច្រើនសន្ធឹកសន្ធាប់នេះ មិនមែនជាសកម្មភាពយោធាឡើយ។

ការរត់ភៀសខ្លួនទ្រង់ទ្រាយធំបានចាប់ផ្តើម បន្ទាប់ពីឧបករណ៍បំពងសម្លេងនៅវិហារអ៊ិស្លាមមួយកន្លែង បានជំរុញឱ្យប្រជាជនចាកចេញពីទីក្រុងនេះនៅត្រឹមថ្ងៃទី២៣ ខែមករា ដើម្បីជៀសវាងការប្រយុទ្ធដែលអាចកើតមាន។ កាលពីខែសីហា ឆ្នាំមុន ប៉ាគីស្ថាន បានបើកប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមតាលីបង់ប៉ាគីស្ថាន ក្នុងស្រុក Bajaur ភាគពាយព្យ ដោយបណ្តេញមនុស្សរាប់សែននាក់ចេញពីផ្ទះសម្បែង។
មន្រ្តីមូលដ្ឋានដែលត្រួតពិនិត្យកិច្ចប្រឹងប្រែងផ្តល់ជំនួយ បាននិយាយថា រហូតមកដល់ពេលនេះ អាជ្ញាធរមូលដ្ឋានបានចុះឈ្មោះគ្រួសារប្រហែល ១០.០០០ គ្រួសារ — ប្រមាណជាង ៧០.០០០ នាក់ — ដែលចាកចេញពីទីក្រុង Tirah ដែលមានប្រជាជនសរុបប្រហែល ១៥ម៉ឺននាក់៕

