ប្រធានាធិបតី លោក Donald Trump បានគំរាមថា សហរដ្ឋអាមេរិកនឹងបញ្ចប់ការគាំទ្រដល់ប្រទេសអ៊ីរ៉ាក់ ប្រសិនបើលោក Nouri al-Maliki អតីតនាយករដ្ឋមន្ត្រីដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ជាសត្រូវអាមរិកជាយូរមកហើយនោះ ត្រូវបានជ្រើសរើសឱ្យចូលកាន់តំណែងជាថ្មី។

លោក Trump ក្នុងអន្តរាគមន៍ចុងក្រោយរបស់លោកនៅក្នុងនយោបាយរបស់ប្រទេសមួយផ្សេងទៀត បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ាក់នឹងមាន «ជម្រើសដ៏អាក្រក់បំផុត» ជាមួយលោក al-Maliki ដែលទើបតែត្រូវបានតែងតាំងដោយក្របខណ្ឌសម្របសម្រួលជាប្លុកក្រុមនិកាយស៊ីអ៊ីតធំបំផុតនៅក្នុងសភា ជាបេក្ខជនរបស់ខ្លួន។

លោក Trump បានសរសេរនៅលើវេទិកា Truth Social របស់លោកថា «លើកចុងក្រោយដែលលោក Maliki កាន់អំណាច ប្រទេសនេះបានធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងភាពវឹកវរទាំងស្រុង។ រឿងនោះមិនគួរត្រូវបានអនុញ្ញាតឱ្យកើតមានឡើងម្តងទៀតទេ»។ លោកTrump បាននិយាយថា «ដោយសារតែគោលនយោបាយ និងមនោគមវិជ្ជាឆោតល្ងង់របស់លោក Maliki ប្រសិនបើត្រូវបានជ្រើសរើស សហរដ្ឋអាមេរិកនឹងលែងផ្តល់ជំនួយដល់ប្រទេសអ៊ីរ៉ាក់ទៀតហើយ»។ «ប្រសិនបើយើងមិននៅទីនោះដើម្បីជួយទេ ប្រទេសអ៊ីរ៉ាក់គ្មានឱកាសជោគជ័យ វិបុលភាព ឬសេរីភាពឡើយ»។
ការថ្លែងលើកឡើងរបស់លោក Trump គឺជាឧទាហរណ៍ច្បាស់លាស់បំផុតនៃយុទ្ធនាការរបស់ប្រធានាធិបតីគណបក្សសាធារណរដ្ឋក្នុងការទប់ស្កាត់ឥទ្ធិពលរបស់ក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ។