កំពង់ចាម៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី១៣ខែមីនាម្សិលមិញនេះ បានចុះពិនិត្យព្យាបាលជំងឺ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ជាតិនិងមាតុភូមិរបស់យើង ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលមួយចំណែកផងដែរ។
ជាក់ស្តែងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។
ទន្ទឹមនឹងនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានកោតសរសើរវាយតម្លៃខ្ពស់ដល់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រៀបបានដូចមន្ទីរពេទ្យចល័តមួយអញ្ចឹងដែលមានគ្រូពេទ្យមានបទពិសោធន៍ល្អ ក្នុងនិងក្រៅប្រទេសមានឧបករណ៍ទំនើប របៀបរបបធ្វើការល្អមានគុណភាព ថែមទាំងបានលះបង់ទាំងធនធានមនុស្ស ធនធានហិរិញ្ញវត្ថុ និងពេលវេលាដើម្បីជួយដល់ប្រជាពលរដ្ឋជាតិ និងមាតុភូមិរបស់យើងដោយមិនក្លាចពីការនឿយហត់ឡើយ។ ទោះបីជាយើងមានមនី្ទរពេទ្យបង្អែក មានមណ្ឌលសុខភាពនៅទីនេះយ៉ាងណាក៏ដោយ ប៉ុន្តែតម្រូវការពិនិត្យ និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ ចាំបាច់ត្រូវតែមានការអន្តរាគមន៍បន្ថែមពីក្រុមការងារគ្រូពេទ្យជំនាញ។
ជាមួយគ្នានោះប្រជាពលរដ្ឋជាច្រើន មកទទួលសេវាពិនិត្យ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ព្រមទាំងទទួលអំណោយថ្នាំពេទ្យ បង្ហាញពីកី្តរំភើបឥតឧបមា និងសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានស្វះស្វែងរកវ៉ាក់សាំងមកចាក់វ៉ាក់សាំងការពារអាយុជីវិតរបស់ពួកគាត់ និងឯកឧត្តម ហ៊ុន ម៉ានី ក្នុងការជួយសកម្មភាពមនុស្សធម៌នេះ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៣ មីនា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានចំនួន៥,៦៧៩នាក់ ក្នុងនោះស្ត្រីមានចំនួន៣,២៣១នាក់ បានចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៣៨២លើក ក្នុងនោះព្យាបាលជំងឺជូនប្រជាពលបានចំនួន៥,៦០៨,៣០៨នាក់ (ប្រាំលានហុកសិបម៉ឺន ប្រាំបីពាន់ បីរយ ប្រាំបីនាក់) ក្នុងនោះស្ត្រីមានចំនួន ២,៩៦៥,៦៦២នាក់ (ពីរលាន កៅសិបប្រាំមួយម៉ឺន ប្រាំពាន់ ប្រាំមួយរយ ហុកសិប ពីរនាក់ ) គិតត្រឹម ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២២ ដោយបានសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕អត្ថបទ៖ ហួត រដ្ឋា