យោងតាមមន្ត្រីរបស់ប្រទេសរ៉្វាន់ដា និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេសបានឲ្យដឹងថា ប្រទេសរ៉ា្វន់ដាបានចាត់វិធានការផ្លូវច្បាប់លើការច្រានចោលរបស់ចក្រភពអង់គ្លេសក្នុងការចំណាយប្រាក់ក្រោមកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាស និងត្រូវបានលុបចោលនៅពេលនេះសម្រាប់ទីក្រុងគីហ្គាលីដើម្បីទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោនដែលត្រូវបាននិរទេស។

ប្រទេសរ៉្វាន់ដា បានចាប់ផ្តើមដំណើរការអាជ្ញាកណ្តាលប្រឆាំងចក្រភពអង់គ្លេសតាមរយៈតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍មានមូលដ្ឋាននៅទីក្រុងឡាអេ កាលពីថ្ងៃអង្គារ។ ប្រទេសរ៉្វាន់ដា កំពុងស្វែងរកសំណងចំនួន៥០លានផោន (៦៨,៨លានដុល្លារ) បន្ទាប់ពីចក្រភពអង់គ្លេសមិនបញ្ចប់កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសជាផ្លូវការកាលពីប្រហែលពីរឆ្នាំកន្លងទៅនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Telegraph។

លោក Michael Butera ប្រធានទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «ប្រទេសរ៉្វាន់ដា សោកស្តាយដែលវាចាំបាច់ដើម្បីបន្តការទាមទារទាំងនេះនៅអាជ្ញាកណ្តាល ប៉ុន្តែប្រឈមនឹងការមិនចុះសម្រុងរបស់ចក្រភពអង់គ្លេសលើបញ្ហាទាំងនេះ វាពុំមានជម្រើសផ្សេងទៀតទេ»។
លោក Butera បាននិយាយបន្ថែមថា ទីក្រុងគីហ្គាលី បានស្វែងរកការចូលរួមផ្នែកការទូតមុនពេលងាកទៅរកចំណាត់ការផ្លូវច្បាប់។ កម្មវិធីដើម្បីនាំយកមនុស្សមួយចំនួនដែលបានទៅដល់ចក្រភពអង់គ្លេសតាមទូកតូចៗទៅកាន់អាហ្វ្រិកខាងកើត ត្រូវបានព្រមព្រៀងគ្នានៅក្នុងសន្ធិសញ្ញារវាងទីក្រុងឡុងដ្រ៍ និងទីក្រុងគីហ្គាលី។