លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុសអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការអត់ធ្មត់ខ្ពស់ពីគ្រប់ភាគីទាំងអស់ទាក់ទងនឹងភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់ឈូងសមុទ្រពែក្ស។

អ្នកនាំពាក្យរូបនេះ បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក នៅពេលឆ្លើយសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការទៅដល់នៃនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅតំបន់មជ្ឈិមបូព៌ាជិតព្រំដែនប្រទេសអ៊ីរ៉ង់។

លោកអគ្គលេខាធិការ ពិតជាមានការព្រួយបារម្ភខ្លាំងអំពីការបង្កើនយោធាដែលត្រូវបានរាយការណ៍នៅក្នុងតំបន់ឈូងសមុទ្រពែក្ស។ ជាថ្មីម្តងទៀត លោកអគ្គលេខាធិការ បានអំពាវនាវឱ្យមានភាពអត់ធ្មត់ខ្ពស់ និងជំរុញគ្រប់ភាគីទាំងអស់ឱ្យបញ្ចៀសសកម្មភាពណាមួយដែលនឹងបង្កើនភាពតានតឹងបន្ថែមទៀត ឬបង្កឱ្យមានជម្លោះកាន់តែខ្លាំងឡើងនៅក្នុងតំបន់ដ៏ទូលំទូលាយនេះ។ លោកនៅតែជឿជាក់ថា ក្តីបារម្ភទាំងអស់ទាក់ទងនឹងអ៊ីរ៉ង់ ត្រូវតែបានដោះស្រាយយ៉ាងល្អបំផុតតាមរយៈការសន្ទនា តាមរយៈផ្នែកការទូត និងការចរចា។
ការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ចាប់តាំងពីចុងខែធ្នូមក ដោយសារតែការធ្លាក់ចុះខ្លាំងនៃរូបិយប័ណ្ណជាតិ និងការលំបាកផ្នែកសេដ្ឋកិច្ចយូរអង្វែង។ ការតវ៉ាទាំងនេះ ដែលមួយចំនួនបានប្រែក្លាយទៅជាការប៉ះទង្គិចគ្នាដ៏បង្ហូរឈាម បានជំរុញឱ្យអាជ្ញាធរអ៊ីរ៉ង់ចោទប្រកាន់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល អាចនៅពីក្រោយឧប្បត្តិហេតុនេះ។