កាលពីថ្ងៃអង្គារ (២៧ មករា) ក្រុមអ្នកវិទ្យាសាស្ត្រអាតូមិក បានបង្ខិតទ្រនិច «នាឡិកាថ្ងៃអវសានពិភពលោក» ឬហៅថា Doomsday Clock របស់ពួកគេ ឱ្យកាន់តែខិតជិតដល់ពាក់កណ្តាលអធ្រាត្រ ដែលជាកម្រិតព្រមានពីវិនាសកម្មរបស់សកលលោក ដោយលើកឡើងពីឥរិយាបថរបស់មហាអំណាចនុយក្លេអ៊ែរធំៗ ក៏ដូចជាជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ព្រមទាំងក្តីបារម្ភអំពីបញ្ញាសិប្បនិម្មិត AI ក្នុងចំណោមកត្តាផ្សេងទៀត ដែលជំរុញហានិភ័យសម្រាប់គ្រោះមហន្តរាយពិភពលោក។

ក្រុមអ្នកវិទ្យាសាស្ត្រមកពីអង្គការ The Bulletin of the Atomic Scientists បានកំណត់ទ្រនិចនាឡិកាទៅរយៈពេល ៨៥ វិនាទីមុនម៉ោងកណ្តាលអធ្រាត្រ ដែលជាចំណុចទ្រឹស្តីនៃការបំផ្លិចបំផ្លាញ។ ការបង្ខិតនេះគឺមានរយៈពេលជិត ៤វិនាទី លើសឆ្នាំមុន។ អង្គការមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោមួយនេះ បានបង្កើត «នាឡិកាថ្ងៃអវសានពិភពលោក» ក្នុងឆ្នាំ១៩៤៧ អំឡុងភាពតានតឹងនៃសង្គ្រាមត្រជាក់ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ដើម្បីព្រមានសាធារណជនថា មនុស្សជាតិខិតកាន់តែកៀកប៉ុនណា ទៅនឹងការបំផ្លាញពិភពលោក។
ក្រុមអ្នកវិទ្យាសាស្ត្រ បានសម្តែងក្ដីបារម្ភអំពីការគំរាមកំហែងនៃសមាហរណកម្មដោយមិនមានការគ្រប់គ្រងនៃបញ្ញាសិប្បនិម្មិត AI ទៅក្នុងប្រព័ន្ធយោធា និងលទ្ធភាពនៃការប្រើប្រាស់ក្នុងផ្លូវខុស ដែលអាចបង្កើតការគំរាមកំហែងជីវសាស្ត្រ ក៏ដូចជាតួនាទីរបស់ AI ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិតជាសកល។ អ្នកវិទ្យាសាស្រ្តក៏បានកត់សម្គាល់ពីបញ្ហាប្រឈមជាបន្តបន្ទាប់ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុផងដែរ។
អង្គការ Bulletin នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៥ ដោយអ្នកវិទ្យាសាស្ត្រល្បីល្បាញជាច្រើនរូប រួមទាំងលោក Albert Einstein និងលោក J. Robert Oppenheimer ។ ក្រុមនេះមានតួនាទីតាមដាន និងវាយតម្លៃពេលវេលានៃទីអវសានពិភពលោក ហើយទ្រនិចនាឡិកាត្រូវបានកំណត់ជារៀងរាល់ឆ្នាំ៕


