អ៊ុយក្រែន៖ ការបាញ់មីស៊ីលជាបន្តបន្ទាប់របស់រុស្ស៊ីបានវាយលុក លើមូលដ្ឋានហ្វឹកហ្វឺនយោធាមួយនៅជិតព្រំដែនភាគខាងលិចប្រទេសអ៊ុយក្រែន ជាមួយសមាជិកណាតូប្រទេសប៉ូឡូញបណ្តាលឲ្យមនុស្ស ៣៥នាក់ស្លាប់ និង ១៣៤នាក់រងរបួសក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។

ការវាយប្រហារនេះបានធ្វើឡើង បន្ទាប់ពីមានការគម្រាមកំហែងរបស់រុស្សីលើគោលដៅ ដឹកជញ្ជូនអាវុធបរទេសជួយដល់អ្នកប្រយុទ្ធអ៊ុយក្រែនការពារប្រទេសរបស់ពួកគេ ប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ យោងតាមអភិបាលក្រុង Lviv ភាគខាងលិចរបស់ប្រទេសអ៊ុយក្រែនបានឱ្យដឹងថា មីស៊ីលរុស្ស៊ីជាង ៣០គ្រាប់បានកំណត់គោលដៅលើទីតាំងហ្វឹកហាត់មានចម្ងាយតិចជាង ២៥គីឡូម៉ែត្រពីចំណុចព្រំដែនជិតបំផុតជាមួយប្រទេសប៉ូឡូញ។ ប្រទេសប៉ូឡូញគឺជាទីតាំងសំខាន់សម្រាប់បញ្ជូនជំនួយយោធា របស់ប្រទេសលោកខាងលិចទៅកាន់ប្រទេសអ៊ុយក្រែន។ ចាប់តាំងពីរុស្ស៊ីបានវាយលុកអ៊ុយក្រែន ទីក្រុង Lviv ភាគច្រើនបានរួចផុតពីទំហំនៃការបំផ្លាញ ហើយក្លាយជាគោលដៅសម្រាប់ប្រជាជនដែលរត់គេចពីទីក្រុងដែលត្រូវបានបាញ់ផ្លោង និងសម្រាប់ជនភៀសខ្លួនជិត ២.៦លាននាក់ដែលបានភៀសខ្លួនចេញពីប្រទេស។
មជ្ឈមណ្ឌលហ្វឹកហ្វឺននៅទីក្រុង Yavoriv ត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិត្រូវបានគេប្រើប្រាស់ជាយូរមកហើយ ដើម្បីបណ្តុះបណ្តាលបុគ្គលិកយោធាអ៊ុយក្រែន ជាញឹកញាប់ជាមួយគ្រូបង្ហាត់មកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសណាតូផ្សេងទៀត។ មជ្ឈមណ្ឌលនេះក៏ត្រូវបានបានរៀបចំធ្វើសមយុទ្ធអន្តរជាតិរបស់អង្គការណាតូផងដែរ។ ទីតាំងនេះ ជាអ្វីដែលមានការតវ៉ារបស់រុស្ស៊ីជាយូរមកហើយថា សម្ព័ន្ធមិត្តណាតូនៃប្រទេសសមាជិកចំនួន ៣០ កំពុងធ្វើដំណើរទៅជិតព្រំដែនរបស់រុស្ស៊ី។ រុស្ស៊ីបានទាមទារឲ្យអ៊ុយក្រែនបោះបង់ចោលមហិច្ឆតាចូលជាសមាជិកណាតូ៕
អត្ថបទ៖ ប៊ុនថន