កាលពីថ្ងៃអង្គារ (២៧ មករា) អាជ្ញាធរឥណ្ឌា បាននិយាយថា ពួកគេធានាបាននូវការ «ទប់ស្កាត់ទាន់ពេលវេលា» នៃវីរុសនីប៉ាហ៍ (Nipah) ដ៏កាចសាហាវ បន្ទាប់ពីការឆ្លងចំនួនពីរករណី ត្រូវបានបញ្ជាក់ក្នុងរដ្ឋ West Bengal ចាប់តាំងពីខែធ្នូ ឆ្នាំមុន។ របាយការណ៍មុនៗបង្ហាញថា មានការឆ្លងចំនួន ៥ករណី។

យោងតាមអង្គការសុខភាពពិភពលោក WHO វីរុសនីប៉ាហ៍ ដែលឆ្លងពីសត្វទៅមនុស្ស មិនមានវ៉ាក់សាំងបង្ការនោះទេ ហើយមានអត្រាស្លាប់ខ្ពស់ចាប់ពី ៤០ភាគរយ ទៅ ៧៥ភាគរយ។
ក្រសួងសុខាភិបាលឥណ្ឌា បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា «ការឃ្លាំមើលកាន់តែប្រសើរឡើង ការធ្វើតេស្តមន្ទីរពិសោធន៍ និងការស៊ើបអង្កេតនៅនឹងកន្លែង ត្រូវបានអនុវត្ត ដែលធានាបាននូវការទប់ស្កាត់ករណីទាំងនោះបានទាន់ពេលវេលា»។ ក្រសួងឥណ្ឌា មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើស្ថានភាពអ្នកជំងឺទាំង ២នាក់ ដែលឆ្លងមេរោគនោះទេ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «ស្ថានការណ៍កំពុងស្ថិតក្រោមការតាមដានជាប្រចាំ ហើយវិធានការសុខភាពសាធារណៈចាំបាច់ទាំងអស់ត្រូវបានអនុវត្ត» ដោយបន្ថែមថា «អ្នកប៉ះពាល់ចំនួន ១៩៦នាក់ ដែលជាប់ទាក់ទងនឹងករណីទាំងនេះត្រូវបានតាមដាន ហើយអ្នកទាំងអស់នោះសុទ្ធតែអវិជ្ជមាន»។
នៅឥណ្ឌា ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ ជាលើកដំបូង ត្រូវបានរាយការណ៍នៅរដ្ឋ West Bengal ក្នុងឆ្នាំ២០០១។ ជំងឺនីប៉ាហ៍គឺជាជំងឺបង្កឡើងដោយវីរុសនីប៉ាហ៍ រាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វច្រឹង និងអាចឆ្លងទៅមនុស្ស និងជ្រូក។ បុគ្គលដែលឆ្លងវីរុសនីប៉ាហ៍ អាចគ្មានរោគសញ្ញា រហូតដល់មានជំងឺផ្លូវដង្ហើមស្រួចស្រាវ និងរលាកខួរក្បាលធ្ងន់ធ្ងរ ដូចជាហើមខួរក្បាល និងអាចស្លាប់៕
