រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi និងសមភាគីអេហ្ស៊ីបរបស់លោក គឺលោក Badr Abdel-Atty បានពិនិត្យឡើងវិញនូវការវិវត្តនៅក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលកិច្ចប្រជុំមួយ នៅទីក្រុង អាម៉ាន (Amman) កាលពីថ្ងៃអង្គារ។

ពួកគេបានសង្កត់ធ្ងន់លើតម្រូវការក្នុងការប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងតំបន់ឆ្នេរសមុទ្រប៉ាឡេស្ទីន និងធានាការចូលជំនួយមនុស្សធម៌ដោយគ្មានការរារាំង ស្របតាមផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ទីភ្នាក់ងារសារព័ត៌មាន Petra បានរាយការណ៍ថា ពួកគេបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុញ្ញាតឲ្យអាជ្ញាធរប៉ាឡេស្ទីនបន្តការទទួលខុសត្រូវរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា ខណៈពេលដែលធានានូវឯកភាពនៃទឹកដីតំបន់វេសបែងនិងហ្កាហ្សារបស់ប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

លោក Safadi និងលោក Abdel-Atty បានស្វាគមន៍ចំពោះការបង្កើតគណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្កាហ្សា ការចាប់ផ្តើមដំណាក់កាលទី២ នៃ «ផែនការទូលំទូលាយ ដើម្បីបញ្ចប់ជម្លោះហ្កាហ្សា» និងការបើកដំណើរការក្រុមប្រឹក្សាសន្តិភាពដោយលោក ត្រាំ កាលពីសប្តាហ៍មុន។
ពួកគេបានសង្កត់ធ្ងន់លើតម្រូវការក្នុងការរក្សាការគាំទ្រសម្រាប់អាណត្តិរបស់ក្រុមប្រឹក្សាសន្តិភាព នៅក្នុងតំបន់ហ្កាហ្សា និងឈានទៅមុខឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ ដោយផ្អែកលើខ្សែបន្ទាត់ សង្គ្រាមមជ្ឈិមបូព៌ាមុនឆ្នាំ ១៩៦៧ ដោយមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។
យោងតាមសារព័ត៌មាន Petra បានឲ្យដឹងថា រដ្ឋមន្ត្រីទាំងពីររូប បានព្រមានថា សកម្មភាពខុសច្បាប់របស់អ៊ីស្រាអែល នៅក្នុងតំបន់វេសបែង ដែលអាចបង្កើនភាពតានតឹង និងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលគំរាមកំហែងដល់ដំណោះស្រាយរដ្ឋពីរ ដែលចាំបាច់សម្រាប់សន្តិសុខ និងស្ថិរភាព ក្នុងតំបន់៕