នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយដែលចាក់ផ្សាយដោយទូរទស្សន៍ក្នុងស្រុកថា ប្រសិនបើអ៊ីស្រាអែលត្រូវបានវាយប្រហារដោយអ៊ីរ៉ង់ ប្រទេសនេះ នឹងសងសឹកដោយកម្លាំងដែលទីក្រុងតេអេរ៉ង់មិនធ្លាប់មានពីមុនមក។

លោកបាននិយាយថា៖«ប្រសិនបើអ៊ីរ៉ង់ធ្វើកំហុសធ្ងន់ធ្ងរដោយវាយប្រហារអ៊ីស្រាអែល យើងនឹងឆ្លើយតបដោយកម្លាំងដែលអ៊ីរ៉ង់មិនធ្លាប់បានឃើញពីមុនមក» ដោយអះអាងថានៅរដូវក្តៅឆ្នាំ ២០២៥ ប្រទេសរបស់លោក «បានធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើអ៊ីរ៉ង់ និងផ្កាយរណបរបស់ខ្លួន»។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបន្ថែមថា៖«ឥឡូវនេះ អ័ក្សតស៊ូរបស់អ៊ីរ៉ង់កំពុងព្យាយាមងើបឡើងវិញ ប៉ុន្តែអ៊ីស្រាអែល នឹងមិនអនុញ្ញាតឲ្យរឿងនោះ កើតឡើងទេ»។
នៅព្រឹកព្រលឹមថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ រយៈពេលតិចជាង ២៤ម៉ោង ក្រោយមក ទីក្រុងតេអេរ៉ង់ បានសងសឹក។ រយៈពេល ៩ថ្ងៃ ក្រោយមក នៅព្រឹកថ្ងៃទី ២២ ខែមិថុនា យន្តហោះចម្បាំងអាមេរិក បានវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ នៅទីក្រុង Fordow, Natanz និង Isfahan ដោយចូលទៅក្នុងជម្លោះនេះដោយផ្ទាល់។ នៅល្ងាចថ្ងៃទី ២៣ ខែវិច្ឆិកា ទីក្រុងតេអេរ៉ង់ បានចាប់ផ្តើមការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋាន Al Udeid ដែលជាមូលដ្ឋានទ័ពអាកាសធំបំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់នេះ ដែលមានទីតាំងនៅប្រទេសកាតា។ នៅថ្ងៃទី ២៤ ខែមិថុនា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ទាំងស្រុង៕