ការិយាល័យប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនពុំទាន់បានទទួលការជូនដំណឹងជាផ្លូវការណាមួយពីទីក្រុងវ៉ាស៊ីនតោននៅឡើយទេ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសពីផែនការដំឡើងពន្ធលើទំនិញរបស់ប្រទេសកូរ៉េខាងត្បូងមួយចំនួនពី១៥ភាគរយដល់២៥ភាគរយ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងធនធាន លោក Kim Jung-kwan ដែលកំពុងធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសកាណាដា ក៏មានផែនការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីបញ្ហានេះជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Howard Lutnick។

លោក Trump បាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា លោកនឹងដំឡើងពន្ធលើទំនិញរបស់ប្រទេសកូរ៉េខាងត្បូងមួយចំនួនពី១៥ភាគរយដល់២៥ភាគរយ ដោយចោទប្រកាន់សភាប្រទេសកូរ៉េខាងត្បូងថាមិនបានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ក្រោមឯកសារព័ត៌មានរួមមួយដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅទីក្រុង Gyeongju កាលពីខែតុលា ឆ្នាំមុន សហរដ្ឋអាមេរិកបានព្រមព្រៀងបន្ថយពន្ធលើផលិតផលកូរ៉េខាងត្បូង រួមមានទាំងរថយន្តផងដែរជាថ្នូរទៅនឹងការវិនិយោគចំនួន៣៥០ពាន់លានដុល្លារអាមេរិកនៅសហរដ្ឋអាមេរិក។ ក្រោយមក ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈរួមមួយនៅថ្ងៃទី ១៤ ខែវិច្ឆិកា ដោយចែងថា ការកាត់បន្ថយការដំឡើងពន្ធនឹងត្រូវបានអនុវត្តបណ្តោះអាសន្នចាប់ពីថ្ងៃដំបូងនៃខែនោះដែលច្បាប់ពាក់ព័ន្ធត្រូវបានបញ្ជូនទៅសភាកូរ៉េខាងត្បូងដើម្បីអនុវត្តកិច្ចព្រមព្រៀង។
