ការិយាល័យរបស់មេដឹកនាំទួរគី បាននិយាយថា ស្ថានភាពនៅក្នុងប្រទេសស៊ីរី និងនៅតំបន់ហ្កាហ្សា ក៏ដូចជាការងាររបស់ក្រុមប្រឹក្សាសន្តិភាព គឺជាចំណុចសំខាន់នៃការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីទួរគី និងសហរដ្ឋអាមេរិក គឺលោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) និងលោក ដូណាល់ ត្រាំ (Donald Trump)។

ការិយាល័យនេះ បានបញ្ជាក់ថា៖«ប្រធានាធិបតីរបស់យើង បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ មេដឹកនាំរូបនេះ បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទួរគី និងសហរដ្ឋអាមេរិក ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសស៊ីរី និងការងាររបស់ក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា។ ប្រធានាធិបតីរបស់យើងបាននិយាយថា ប្រទេសទួរគីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអនុវត្តយ៉ាងតឹងរ៉ឹងនូវកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ និងការធ្វើសមាហរណកម្មនៃសម្ព័ន្ធភាពដឹកនាំដោយជនជាតិឃើដ នៅក្នុងប្រទេសស៊ីរី ហើយកំពុងតាមដានដំណើរការនេះយ៉ាងដិតដល់ ដោយសម្របសម្រួលជាមួយអាជ្ញាធរសហរដ្ឋអាមេរិក និងស៊ីរី។ លោក អឺដូហ្កាន់ បានថ្លែងថា លោកសង្ឃឹមថា នឹងមានការងារប្រកបដោយផ្លែផ្ការបស់ក្រុមប្រឹក្សាសន្តិភាពហ្កាហ្សា និងបានសម្តែងទំនុកចិត្តថា ការបញ្ចប់គ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្កាហ្សា និងការស្តារទីក្រុងនេះឡើងវិញ នឹងបើកផ្លូវឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅក្នុងតំបន់របស់យើង»។
ក្រៅពីនេះ លោកប្រធានាធិបតីទាំងពីរ បានពិភាក្សាអំពី «ទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេសនៅក្នុងវិស័យការពារជាតិ»។ សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា៖«លោក អឺដូហ្កាន់ បាននិយាយថា ប្រទេសរបស់លោក នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទួរគី និងសហរដ្ឋអាមេរិក ហើយថា វាស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យ»៕
