ប្រទេសថៃបានដំឡើងម៉ាស៊ីនស្កេនកម្ដៅ នៅតាមអាកាសយានដ្ឋានសំខាន់ៗ បន្ទាប់ពីមានសេចក្ដីរាយការណ៍ អំពីការផ្ទុះឡើងនូវជំងឺ Nipah (នីប៉ាហ៍) នៅក្នុងប្រទេសឥណ្ឌា ដោយអាជ្ញាធរឲ្យដឹងថា ចំណាត់ការនេះ គឺជាវិធានការបង្ការ។
ម៉ាស៊ីនស្កេនទាំងនេះត្រូវបានដំឡើងកាលពីថ្ងៃអាទិត្យ (ទី២៥ ខែមករា ឆ្នាំ២០២៦) ចុងសប្ដាហ៍កន្លងមក នៅតាមច្រកទ្វារធ្វើដំណើរមកដល់របស់អាកាសយានដ្ឋានសុវណ្ណភូមិ (Suvarnabhumi) ដនមឿង (Don Muang) និងភូកេត (Phuket) ជាកន្លែងដែលជើងហោះហើរពីប្រទេសឥណ្ឌា ត្រូវបានគ្រោងចុះចត។

ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធ (ទី២៨ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា ឥណ្ឌាកំពុងតាមដានការឆ្លងវីរុស Nipah ដោយមាន ២ករណីត្រូវបានរាយការណ៍ពីរដ្ឋ West Bengal ភាគខាងកើតរបស់ប្រទេស ចាប់តាំងពីខែធ្នូ។ ក្រសួងបានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយដែលដាក់ចំនួនអ្នកឆ្លងវីរុស Nipah ថា ជា «តួលេខមិនសមហេតុផល និងមិនត្រឹមត្រូវ ទាក់ទងនឹងករណីវីរុស Nipah ដែលកំពុងត្រូវបានចែកចាយ»។
ក្រសួងបានបន្ថែមថា អាជ្ញាធរឥណ្ឌា បានកំណត់អត្តសញ្ញាណ និងតាមដានអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ចំនួន ១៩៦នាក់ដែលជាប់ទាក់ទងនឹងករណីទាំង ២ នោះ ដោយគ្មាននរណាម្នាក់បង្ហាញរោគសញ្ញា ហើយអ្នកទាំងអស់នោះធ្វើតេស្តអវិជ្ជមាន។ រហូតមកដល់ពេលនេះ ថៃបានរាយការណ៍ពីការគ្មានករណីជំងឺ Nipah នេះ។
អង្គការសុខភាពពិភពលោក (WHO) ដែលប៉ាន់ប្រមាណអត្រាមរណភាពរបស់ជំងឺ Nipah ពី ៤០ភាគរយ ទៅ ៧៥ភាគរយ បានចាត់ថ្នាក់វាជាភ្នាក់ងារបង្កជំងឺអាទិភាព ដោយសារសក្តានុពលរបស់វា ក្នុងការបង្កឲ្យមានជំងឺរាតត្បាត។ មិនទាន់មានវ៉ាក់សាំង ដើម្បីការពារការឆ្លង ហើយក៏មិនមានការព្យាបាលជំងឺនេះឲ្យជាសះស្បើយទាំងស្រុងនៅឡើយដែរ៕

