តម្លៃប្រាក់ដុល្លារអាមេរិក បានបន្តធ្លាក់ចុះ ដែលជាការធ្លាក់ថ្លៃដ៏ខ្លាំងបំផុទ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ គិតចាប់តាំងពីខែមេសាមក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា លោកមិនគិតថា រូបិយប័ណ្ណបានចុះខ្សោយខ្លាំងពេកនោះទេ។
កាលពីថ្ងៃអង្គារ (ទី២៧ ខែមករា ឆ្នាំ២០២៦) នៅពេលត្រូវបានសួរថា តើលោកមានការព្រួយបារម្ភអំពីការធ្លាក់ចុះ ដែលបានទាញឲ្យរូបិយប័ណ្ណបម្រុងដ៏ធំរបស់ពិភពលោកឲ្យដាំក្បាលចុះដល់កម្រិតខ្សោយបំផុត ក្នុងរយៈពេលជិត ៤ឆ្នាំដែរ ឬទេ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅរដ្ឋ Iowa ថា៖ «ទេ ខ្ញុំគិតថា វាគឺរឹងមាំល្អណាស់»។

លោកបានបន្ថែមថា៖ «ខ្ញុំគិតថា តម្លៃប្រាក់ដុល្លារ គឺរឹងមាំល្អ ពោលគឺសូមក្រឡេកមើលអាជីវកម្មដែលយើងកំពុងធ្វើ ដូច្នេះ ប្រាក់ដុល្លារកំពុងដំណើរការបានយ៉ាងល្អប្រសើរ។ ខ្ញុំចង់ឲ្យវាឡើង ឬចុះតាមទីផ្សារ ដោយនេះគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ»។
ការអត្ថាធិប្បាយរបស់លោក Trump បានបន្ថែមការជំរុញដល់អ្វីដែលជាការធ្លាក់ចុះដ៏ខ្លាំងបំផុតរបស់ប្រាក់ដុល្លារ គិតចាប់តាំងពីការការដំឡើងពន្ធរបស់លោក បានធ្វើឲ្យទីផ្សារច្របូកច្របល់នៅឆ្នាំ២០២៥ និងបានបង្កឲ្យមានការភ័យខ្លាចខ្លាំងឡើងៗ ដែលថា ការផ្លាស់ប្តូរគោលនយោបាយមិនទៀងទាត់របស់លោក នឹងជំរុញឲ្យវិនិយោគិនបរទេសដកខ្លួនចេញពីសហរដ្ឋអាមេរិក។
បន្ទាប់ពីមានការលើកឡើងរបស់លោក សន្ទស្សន៍ប្រាក់ដុល្លារ Dollar Spot Index របស់ប្រព័ន្ធផ្សព្វផ្សាយ Bloomberg បានឈានដល់កម្រិតទាបបំផុតថ្មីមួយ ដោយធ្លាក់ចុះដល់ទៅ ១,២ភាគរយ ខណៈដែលតម្លៃរូបិយប័ណ្ណអាមេរិក បានចុះខ្សោយ ធៀបនឹងរូបិយប័ណ្ណធំៗទាំងអស់៕
