ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ កុមារអាយុ៦ឆ្នាំឡើង រស់នៅរាជធានីភ្នំពេញ ទទួលបានចាក់វ៉ាក់សាំង ដូសទី៣រួច គឺមានសុវត្ថិភាពជាងមុន អាចទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។
អាណាព្យាបាលនាំកុមារមកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមី នានេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពីកូនៗ ដែលមានអាយុពី៦ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសទី៣រួច ជួយបង្កើនទំនុកចិត្ត កាត់បន្ថយហានិភ័យឆ្លងជំងឺកូវីដ-១៩ ពេលពួកគេនៅសាលារៀន។ បើទោះបីចាក់ វ៉ាក់សាំងរួចក្តី អាណាព្យាបាលនៅតែបន្តយកចិត្តទុកចំពោះកូនៗ ដោយណែនាំដល់កុមារ ត្រូវអនុវត្តវិធាន ការសុខាភិបាល ៣កុំ ៣ការពារ និងចេះអនាម័យពេលនៅសាលារៀន។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្រ្តចម្បងមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បានៃជំងឺកូវីដ-១៩។ បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដ-១៩បានជាង ៤៣លានដូស រាប់បញ្ជូលទាំងការបញ្ជាទិញពីប្រទេសចិន ជំនួយតាមរយៈយន្តការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូន ពលរដ្ឋអាយុពី៣ឆ្នាំឡើង ចាប់ពីដូសទី១ ដល់ដូសទី៤។
សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ អាចទៅទទួលការចាក់វ៉ាក់សាំងបាន នៅទីតាំងសុខាភិបាលសាធារណៈនានា៕អត្ថបទ៖ ទូច សោភ័ណ