លោក Donald Trump កាលពីថ្ងៃអង្គារ (ទី២៧ ខែមករា ឆ្នាំ២០២៦) បានព្រមាន អំពីការមាន «រឿងអាក្រក់ៗ» ប្រសិនបើគណបក្សសាធារណរដ្ឋចាញ់ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ខណៈដែលលោកប្រធានាធិបតីអាមេរិករូបនេះ បានចាប់ផ្តើមយុទ្ធនាការលឿនរហ័ស ក្រោមស្រមោលនៃភាពចលាចល នៅទីក្រុង Minneapolis និងកង្វល់របស់អ្នកបោះឆ្នោត អំពីបញ្ហាសេដ្ឋកិច្ច។
នៅឯការជួបជុំមួយ ក្នុងរដ្ឋ Iowa ដែលជាកន្លែងឈប់សំចតដំបូង សម្រាប់យុទ្ធនាការបឋម ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក លោក Trump បាននិយាយថា គណបក្សរបស់លោក ត្រូវតែឈ្នះទាំងព្រឹទ្ធសភា និងសភា នៅក្នុងខែវិច្ឆិកា ទោះបីជាប្រជាប្រិយភាពរបស់លោកធ្លាក់ចុះក៏ដោយ។

លោក Trump ដែលកំពុងស្ថិតក្នុងតំណែងប្រធានាធិបតីអាណត្តិទី២ បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា៖ «ខ្ញុំនៅទីនេះ ព្រោះខ្ញុំស្រឡាញ់រដ្ឋ Iowa ប៉ុន្តែខ្ញុំនៅទីនេះ ព្រោះយើងកំពុងចាប់ផ្តើមយុទ្ធនាការ ដើម្បីឈ្នះការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ ត្រូវតែឈ្នះការបោះឆ្នោតពាក់កណ្តាលអាណត្តិ»។ លោក Trump បានបញ្ជាក់ថា៖ «ប្រសិនបើយើងចាញ់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ អ្នកទាំងអស់គ្នា នឹងបាត់បង់អ្វីៗយ៉ាងច្រើនដែលយើងកំពុងនិយាយអំពី ទ្រព្យសម្បត្តិយ៉ាងច្រើនដែលយើងកំពុងនិយាយអំពី ការកាត់បន្ថយពន្ធយ៉ាងច្រើនដែលយើងកំពុងនិយាយអំពី ហើយវានឹងនាំឲ្យមានរឿងអាក្រក់ៗជាច្រើនកើតឡើងជាមិនខាន»។
តែយ៉ាងណាក្ដី សុន្ទរកថាដែលផ្តោតលើសេដ្ឋកិច្ចរបស់លោក Trump នេះ ត្រូវបានគ្របដណ្ដប់ដោយព្រឹត្តិការណ៍ នៅក្នុងរដ្ឋជិតខាង Minnesota ជាកន្លែងដែលមនុស្ស ២នាក់ បានបាត់បង់ជីវិត នៅក្នុងខែនេះ អំឡុងការបង្ក្រាបអន្តោប្រវេសន៍ដ៏អាក្រក់។
សេតវិមានឲ្យដឹងថា លោក Trump នឹងធ្វើដំណើរជារៀងរាល់សប្តាហ៍ទូទាំងប្រទេស មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលអ្នកបោះឆ្នោតតែងតែបានដាក់ទណ្ឌកម្មប្រធានាធិបតីអាមេរិក ដោយការមិនផ្ដល់សន្លឹកឆ្នោតឲ្យ។ ក្រុមរបស់លោក Trump បានផ្តោតកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ច បន្ទាប់ពីការស្ទង់មតិ បានបង្ហាញពីការមានកំហឹងកាន់តែខ្លាំងឡើងៗ ពីសំណាក់អ្នកបោះឆ្នោត ជុំវិញបញ្ហានៃលទ្ធភាពចំណាយ ក្នុងរយៈពេលមួយឆ្នាំ ចាប់តាំងពីមហាសេដ្ឋីរូបនេះវិលត្រឡប់មកកាន់អំណាចវិញ៕
