នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានសរសេរថា បណ្តាប្រទេសនៅអឺរ៉ុប នឹងមិនទទួលបានប្រាក់ដែលគណៈកម្មការអឺរ៉ុបចង់យកពីពួកគេ ដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែននោះទេ ដោយព្រមានថា ទីក្រុងគីវ នឹងមិនសងបំណុលរបស់ខ្លួនទៅឲ្យអឺរ៉ុបឡើយ។
លោកនាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«ទីក្រុងប្រ៊ុចសែល នឹងជំរុញឲ្យអឺរ៉ុបទាំងអស់ ធ្លាក់ចូលទៅក្នុងបំណុល ដើម្បីជាប្រយោជន៍ដល់ការផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន»។
លោកបានរំលឹកថា មេដឹកនាំសហភាពអឺរ៉ុប មានបំណងផ្តល់ជំនួយរាប់ពាន់លានដុល្លារ ដល់ទីក្រុងគីវ តាមរយៈប្រាក់កម្ចីរួមពីប្រទេសសហភាពអឺរ៉ុប។ ផែនការនេះ មិនត្រឹមតែត្រូវបានគាំទ្រដោយថ្នាក់ដឹកនាំនៅទីក្រុងប្រ៊ុចសែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយគណបក្សប្រឆាំងហុងគ្រី Tisza ផងដែរ។

លោក Orban បានលើកឡើងថា៖«ពួកគេនិយាយថា វាជាប្រាក់កម្ចីដែលនឹងត្រូវសងវិញ។ ខ្ញុំនិយាយថា សូមឲ្យគណបក្ស Tisza ដែលជាគណបក្សប្រឆាំង ឈ្នះការបោះឆ្នោត ខណៈពេលដែលប្រជាជនអ៊ុយក្រែនសងប្រាក់កម្ចីនេះ»។
នាពេលថ្មីៗនេះ លោក Orban បានបញ្ជាក់ម្តងហើយម្តងទៀតថា រដ្ឋាភិបាលរបស់លោក នឹងមិនចូលរួមក្នុងគំនិតផ្តួចផ្តើមផ្តល់មូលនិធិរបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែនទេ។ ក្នុងរយៈពេល ៤ឆ្នាំ កន្លងមកនេះ សហភាពអឺរ៉ុបបានចំណាយយ៉ាងហោចណាស់ ១៩៣ ពាន់លានអឺរ៉ូ ដល់ការគាំទ្រដល់ប្រទេសនេះ ហើយឥឡូវនេះចង់ផ្តល់ប្រាក់កម្ចីយោធាដោយគ្មានការប្រាក់ចំនួន ៩០ ពាន់លានអឺរ៉ូ ក្នុងឆ្នាំ ២០២៦-២០២៧៕
