កាលពីថ្ងៃអង្គារ (ទី២៧ ខែមករា ឆ្នាំ២០២៦) នគរបាលបានចាប់ខ្លួនបុរសម្នាក់ដែលបានបាញ់វត្ថុរាវមានក្លិនស្អុយដាក់តំណាងរាស្ត្រអាមេរិក លោកស្រី Ilhan Omar មកពីគណបក្សប្រជាធិបតេយ្យ នៅទីក្រុង Minneapolis ខណៈដែលលោកស្រីបានថ្កោលទោសវិធានការរបស់មន្ត្រីទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) របស់សហរដ្ឋអាមេរិក នៅរដ្ឋ Minnesota។

លោកស្រី Omar ដែលជាគោលដៅនៃការប្រមាថផ្នែកនយោបាយជាញឹកញាប់ពីលោកប្រធានាធិបតី Donald Trump មិនបានរងរបួសអ្វីទេ។ បើយោងតាមសាក្សី និងវីដេអូរបស់សារព័ត៌មាន Reuters ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ នៅសាលាក្រុងនេះ បានបង្ហាញថា ឆ្មាំសន្តិសុខម្នាក់ បានចាប់បុរសនោះភ្លាមៗ ហើយនាំរូបគេចុះទៅដី។ នគរបាលបានបញ្ជាក់ថា ពួកគេបានចាប់ខ្លួនបុរសនោះ ពីបទវាយប្រហារកម្រិតទី៣។
នៅក្នុងការកត់សម្គាល់របស់លោកស្រី លោកស្រី Omar បានរិះគន់ ICE និងរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ គឺលោកស្រី Kristi Noem ដោយទាមទារឲ្យលោកស្រី Noem លាលែងពីតំណែង បន្ទាប់ពីមានការបាញ់សម្លាប់ពលរដ្ឋអាមេរិក ២នាក់ នៅទីក្រុង Minneapolis ក្នុងអំឡុងពេលការបង្កើននូវការអនុវត្តច្បាប់អន្តោប្រវេសន៍របស់លោក Trump។
មួយសន្ទុះក្រោយមក បុរសម្នាក់ដែលអង្គុយនៅជួរមុខបានដើរសំដៅទៅរកលោកស្រីដោយទឹកមុខមិនសប្បាយចិត្ត ហើយបានបាញ់ដាក់លោកស្រីជាមួយនឹងអ្វីដែលនគរបាលពិពណ៌នាថា ជាសឺរាំង ដោយប្រាប់លោកស្រី Omar ថា «អ្នកត្រូវតែលាលែងពីតំណែង»។ លោកស្រី Omar បានដើរ ២-៣ជំហានទៅរកបុរសនោះយ៉ាងក្លាហាន មុនពេលជនបង្កហេតុនោះត្រូវបានបង្ក្រាប៕

