រដ្ឋមន្ត្រីថាមពលកាហ្សាក់ស្ថាន លោក Erlan Akkenzhenov បានប្រាប់អ្នកយកព័ត៌មានថា នាវាដឹកប្រេងពីរគ្រឿងដែលត្រូវបានវាយប្រហារដោយយានដ្រូន នៅជិតហេដ្ឋារចនាសម្ព័ន្ធរបស់សម្ព័ន្ធបំពង់បង្ហូរប្រេងកាសព្យែន (CPC) ក្នុងខែមករា មិនមែនជាសមាជិកនៃកងនាវាស្រមោលទេ ហើយអាចត្រូវបានកំណត់អត្តសញ្ញាណយ៉ាងច្បាស់។
រដ្ឋមន្ត្រីរូបនេះ បាននិយាយថា៖«នាវាដឹកប្រេងទាំងនេះ មិនមែនជារបស់កងនាវា«ពណ៌ប្រផេះ» ណាមួយទេ»។ លោកបានបន្ថែមថា៖«ពុំមានការរឹតបន្តឹងទាក់ទងនឹងនាវានោះទេ ហើយនាវាដឹកប្រេងទាំងនេះ មិនមាននៅក្នុងបញ្ជីពណ៌ប្រផេះណាមួយឡើយ»។

យោងតាមលោករដ្ឋមន្ត្រី នាវាដឹកប្រេងទាំងនោះ គឺស្ថិតនៅ«ចម្ងាយជិត ១៤០គីឡូម៉ែត្រ ពីឈូងសមុទ្រ Novorossiysk» នៅពេលការវាយប្រហារ បានកើតឡើង។
លោក Akkenzhenov បាននិយាយថា៖«ឈ្មោះរបស់ពួកវា មានយ៉ាងច្បាស់ និងងាយស្រួលកំណត់អត្តសញ្ញាណ»។
រដ្ឋមន្ត្រីរូបនេះ ក៏បាននិយាយផងដែរថា នាវាដឹកប្រេងទាំងនោះ ត្រូវបានខូចខាត នៅក្នុងការវាយប្រហារ ប៉ុន្តែនៅតែអណ្តែត ហើយត្រូវបានបញ្ជូនទៅជួសជុល។
នាវាដឹកប្រេងទាំងពីរគ្រឿង ដែលបើកក្រោមទង់ជាតិនៃប្រទេសម៉ាល់តា និងលីបេរីយ៉ា ត្រូវបានវាយប្រហារដោយដ្រូនអ៊ុយក្រែន នៅពាក់កណ្តាលខែមករា។ នាវាទាំងនោះ ត្រូវបានជួលឲ្យដឹកជញ្ជូនប្រេងពីប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីត្រូវបានបូមតាមរយៈសម្ព័ន្ធបំពង់បង្ហូរប្រេងកាសព្យែន (CPC)។ ក្រសួងការបរទេសនៃសាធារណរដ្ឋនេះ បានសម្តែងការព្រួយបារម្ភចំពោះឧប្បត្តិហេតុនេះ ហើយបានអំពាវនាវដល់ ដៃគូអន្តរជាតិ ឲ្យបង្កើតវិធានការ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះ នាពេលអនាគត៕
