ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានបរិហារថាជាអំពើភេរវកម្មចំពោះការវាយប្រហារយានដ្រូនរុស្ស៊ីលើរថភ្លើងមួយខ្សែនៅតំបន់ភាគឦសាន Kharkiv កាលពីថ្ងៃអង្គារ ដែលបានសម្លាប់មនុស្ស ៥នាក់ ។
លោក Zelenskiបានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Telegramថា នៅក្នុងប្រទេសណាក៏ដោយ ការវាយប្រហារយានដ្រូនលើរថភ្លើងស៊ីវិល ត្រូវបានចាត់ទុកយ៉ាងច្បាស់ថា ជាអំពើភេរវកម្ម ។
ក្រុមអាជ្ញាធរនិយាយថា កងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែនបានសម្លាប់មនុស្ស ១២ នាក់ និងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល និងរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងកាលពីយប់ថ្ងៃអង្គារម្សិលមិញ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមអ្នកចរចាមកពីភាគីទាំង ២បានរៀបចំកិច្ចចរចាដោយផ្ទាល់ នៅអារ៉ាប់រួម ដោយមានគោលបំណងបញ្ចប់សង្គ្រាមជិត៤ឆ្នាំមកនេះ ។

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Yulia Svyrydenko បានបង្ហោះលើបណ្ដាញសង្គម Xថា នៅតំបន់ Kharkiv យានដ្រូនមួយគ្រឿង បានវាយប្រហារលើរថភ្លើង ដែលដឹកអ្នកដំណើរជិត ២០០ នាក់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ ។
មន្ត្រីតំបន់បាននិយាយថា ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីជាង ៥០ គ្រឿងបានសម្លាប់មនុស្ស ៣នាក់ និងរបួសជាង ៣០ នាក់នៅក្នុងទីក្រុង Odesa ភាគខាងត្បូង ៕
