អឺរ៉ុបត្រូវតែបង្កើនកិច្ចប្រឹងប្រែង លើវិស័យការពារជាតិ និងដើរតួនាទីឲ្យកាន់តែធំ នៅក្នុងអង្គការណាតូ (NATO) ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បាន «ធ្វើឲ្យរង្គោះរង្គើដល់ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក រហូតដល់គ្រឹះរបស់សម្ព័ន្ធភាពនេះ»។ នេះបើយោងតាមការលើកឡើងរបស់អ្នកការទូតជាន់ខ្ពស់សហភាពអឺរ៉ុប (EU) គឺលោកស្រី Kaja Kallas នាថ្ងៃពុធ (ទី២៨ ខែមករា) នេះ។
នៅឯសន្និសីទការពារជាតិ ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោកស្រី Kallas បានប្រាប់ថា៖ «សូមឲ្យខ្ញុំបញ្ជាក់យ៉ាងច្បាស់លាស់ នោះគឺថា យើងចង់បានទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកដ៏រឹងមាំមួយ។ សហរដ្ឋអាមេរិក នឹងនៅតែជាដៃគូ និងសម្ព័ន្ធមិត្តរបស់អឺរ៉ុប។ ប៉ុន្តែអឺរ៉ុបត្រូវសម្របខ្លួនទៅនឹងការពិតថ្មី។ អឺរ៉ុបលែងជាចំណុចផ្ដោតដ៏សំខាន់ចម្បងរបស់ទីក្រុងវ៉ាស៊ីនតោនទៀតហើយ»។
លោកស្រីបានបញ្ជាក់ថា៖ «ការផ្លាស់ប្តូរនេះបានបន្តមានមួយរយៈហើយ។ វាគឺជារចនាសម្ព័ន្ធ មិនមែនបណ្តោះអាសន្នទេ។ វាមានន័យថា អឺរ៉ុបត្រូវតែបង្កើនកិច្ចប្រឹងប្រែង ព្រោះថា គ្មានមហាអំណាចណាមួយ ក្នុងប្រវត្តិសាស្ត្រ បានរស់រានមានជីវិត ដោយសារការពឹងផ្អែកទាំងស្រុងលើអ្នកដទៃ ដើម្បីសុវត្ថិភាពនោះទេ»។

លោក Trump បានធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបរង្គោះរង្គើ នៅខែនេះ ដោយគំរាមកំហែងដណ្តើមកាន់កាប់កោះ Greenland ពីសមាជិករបស់អង្គការណាតូ (NATO) និង EU គឺប្រទេសដាណឺម៉ាក មុនពេលបានលុបចោលវិញ នៅក្រោយមក។
យ៉ាងណាក្ដី លោកស្រី Kallas នៅតែមានទស្សនៈច្បាស់លាស់ ដែលថា អង្គការណាតូនៅតែជាមូលដ្ឋានគ្រឹះនៃសន្តិសុខអឺរ៉ុប។ លោកស្រីបានបញ្ជាក់ថា កិច្ចប្រឹងប្រែងរបស់ EU គួរតែ «បន្តបំពេញបន្ថែម» ចំពោះកិច្ចប្រឹងប្រែងរបស់សម្ព័ន្ធមិត្ត ប៉ុន្តែបានទទូចថា អឺរ៉ុបត្រូវដើរតួនាទីឲ្យកាន់តែធំជាងនេះ។
លោកស្រីបានសង្កត់ធ្ងន់ថា៖ «ជាពិសេសឥឡូវនេះ ខណៈដែលសហរដ្ឋអាមេរិក កំពុងកំណត់គោលដៅរបស់ខ្លួនហួសពីអឺរ៉ុប អង្គការណាតូត្រូវក្លាយជាអឺរ៉ុបជាងមុនកាន់តែខ្លាំងឡើង ដើម្បីរក្សាកម្លាំងរបស់ខ្លួន។ សម្រាប់រឿងនេះ អឺរ៉ុបត្រូវតែចាត់វិធានការ»៕

